(កដ្ឋមណ្ឌូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមអ្នករៀបចំការឡើងភ្នំបានឱ្យដឹងថា មនុស្ស២នាក់ទៀតហើយ បានបាត់បង់ជីវិតនៅលើភ្នំ Everest ជាហេតុនាំឱ្យចំនួនមនុស្សស្លាប់នៅភ្នំខ្ពស់បំផុតលើពិភពលោក បន្តកើនដល់៧នាក់ សម្រាប់ការឡើងភ្នំរដូវកាលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

អ្នកឡើងភ្នំទាំង២នាក់ខាងលើ ដែលបានបាត់បង់ជីវិត គឺម្នាក់ជាស្រ្តីជនជាតិឥណ្ឌាអាយុ៥៨ឆ្នាំ និងម្នាក់ទៀតជាសមាជិកជនជាតិនេប៉ាល់ នៃក្រុមការងារដែលសំអាតសំរាមចេញពីលើភ្នំ Everest។ នេប៉ាល់បានផ្តល់ការអនុញ្ញាតដល់ជនបរទេសចំនួន៤៧៨នាក់ សម្រាប់ការឡើងភ្នំ Everest រដូវកាលនេះ ដែលនឹងបន្តរហូតដល់ដើមខែមិថុនា។ ដោយសារតែភាគច្រើនពួកគេត្រូវការអ្នកនាំផ្លូវ នោះមនុស្សសរុបប្រហែល​ជាង៩០០នាក់ នឹងព្យាយាមឡើងទៅកាន់កំពូលភ្នំនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អ្នកឡើងភ្នំជនជាតិម៉ុលដាវីម្នាក់ ក៏ទើបបានបាត់បង់ជីវិតផងដែរនៅភ្នំ Everest ខណៈក្នុងខែនេះ អ្នកឡើងភ្នំ​ម្នាក់ទៀត ជាជនជាតិអាមេរិកអាយុ៦៩ឆ្នាំ ក៏បានស្លាប់ដូចគ្នា។ ចំណែកឯកាលពីខែមេសា អ្នកឡើងភ្នំជនជាតិនេប៉ាល់៣នាក់ បានបាត់បង់ជីវិត នៅលើភ្នំនេះ។ ជាមធ្យម អ្នកឡើងភ្នំប្រហែល៥នាក់ តែងបាត់បង់ជីវិត រៀងរាល់ការឡើងភ្នំ Everest កំលុងរដូវកាល​នេះ ប៉ុន្តែកាលពីឆ្នាំ២០១៩ មានអ្នកស្លាប់ដល់ទៅ១១នាក់៕