(សេអ៊ូល)៖ គិលានុបដ្ឋាករាប់ពាន់នាក់ក្នុងប្រទេសកូរ៉េខាងត្បូង បាននាំគ្នាធ្វើកូដកម្មនៅថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon Suk Yeol) បានបដិសេធលើសេចក្តីព្រាងច្បាប់មួយដើម្បីកែលម្អប្រាក់បៀវត្ស និងលក្ខខណ្ឌការងារ ចំពេលមានការតវ៉ាពីក្រុមវេជ្ជបណ្ឌិត និងជំនួយការគិលានុបដ្ឋាកដែលភ័យខ្លាចថា ច្បាប់នេះនឹងប៉ះពាល់ដល់ការងាររបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

សេចក្តីព្រាងច្បាប់នេះ បានអនុម័តសភាដែលដឹកនាំដោយគណបក្សប្រឆាំង កាលពីខែមេសា បន្ទាប់ពីមានការតវ៉ាពីបុគ្គលិកពេទ្យមួយចំនួន ដែលថាច្បាប់ថ្មីនឹងបើកទ្វារសម្រាប់គិលានុបដ្ឋាក ក្នុងការផ្តល់ការព្យាបាលដោយគ្មានអាជ្ញាប័ណ្ណវេជ្ជសាស្ត្រ។ រីឯខាងគិលានុបដ្ឋាកវិញនិយាយថា ការអះអាងរបស់ក្រុមវេជ្ជបណ្ឌិតគឺគ្មានមូលដ្ឋានទេ ហើយថាកូរ៉េខាងត្បូងត្រូវការមជ្ឈមណ្ឌលថែទាំបន្ថែមទៀត ដើម្បីទប់ទល់នឹងចំនួនប្រជាជនដែលមានវ័យចំណាស់។

ផលប៉ះពាល់នៃកូដកម្ម ត្រូវបានគេមើលឃើញថាមានកម្រិតរហូតមកដល់ពេលនេះ ដោយសារអ្នកតវ៉ាភាគច្រើន បានប្រើប្រាស់ពេលវេលាឈប់សម្រាក ឬកាត់បន្ថយម៉ោងធ្វើការ ដោយមន្ទីរពេទ្យធំៗដំណើរការជាធម្មតា។ រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក ឆូ គ្យូហុង (Cho Kyoo-hong) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំឆ្លើយតបបន្ទាន់មួយ ហើយជំរុញគ្រឹះស្ថានពេទ្យតាមដានស្ថានការណ៍ឲ្យដិតដល់ ដើម្បីការពារកុំឲ្យកូដកម្មប៉ះពាល់ដល់អ្នកជំងឺ។

គួរបញ្ជាក់ថា ក្នុងការបដិសេធច្បាប់នេះ លោក យូន បាននិយាយថា ច្បាប់ថ្មីនេះបណ្តាឲ្យមានជម្លោះហួសហេតុក្នុងចំណោមបុគ្គលិកពេទ្យ ហើយការអនុវត្តគិលានុបដ្ឋាកនៅខាងក្រៅស្ថាប័នវេជ្ជសាស្ត្រ ក៏នឹងបង្កឲ្យមានការព្រួយបារម្ភជាសាធារណៈចំពោះប្រព័ន្ធថែទាំសុខភាព៕