(រីយ៉ាទ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់លើកទី៣២ ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនៅថ្ងៃសុក្រនេះ មុនពេលដំណើរទៅប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំ G7។​ នេះបលយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាថ្លែងទៅកាន់កិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់ លោក Zelensky បានជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់ប្រជាជនរបស់លោក។

លោក​បាន​និយាយ​​ថា «ខ្ញុំ​ប្រាកដ​ថា យើង​ទាំង​អស់​គ្នា​អាច​រួបរួម​គ្នា​ក្នុង​ការ​សង្គ្រោះ​មនុស្ស​ពី​ទ្រុង​នៃ​ពន្ធនាគារ​រុស្ស៊ី...យើងនឹងមិនចុះចូលជាមួយបរទេស ឬអាណានិគមណាមួយឡើយ។ គោលដៅរបស់យើងគឺដើម្បីការពារប្រជាជនអ៊ុយក្រែន»

លោក​បាន​បន្ថែម​ថា «អ៊ុយក្រែន​មិន​បាន​ជ្រើសរើស​សង្រ្គាម ហើយ​ក៏​មិន​បាន​ចូលរួម​ក្នុង​អរិភាព​ណាមួយ​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ផ្សេង​ទៀត​ដែរ»

លោក​បាន​បន្ត​ថា​ «​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​របស់​យើង​គឺ​សង្គ្រាម​មិន​មែន​គ្រាន់​តែ​ជា​ជម្លោះ​នោះ​ទេ​។ អ៊ុយក្រែន​ត្រូវ​បង្ខំ​ចិត្ត​បន្ត​ធ្វើការ​ប្រយុទ្ធក្នុងសង្គ្រាម»

មេដឹកនាំអ៊ុយក្រែនរូបនេះបានជួបជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ ព្រះអង្គម្ចាស់ដ៏មានឥទ្ធិពលរូបនេះ ក៏ធ្លាប់បានសម្រុះសម្រួលជម្លោះរុស្ស៊ី-អ៊ុយក្រែន ជាពិសេសការដោះលែងអ្នកទោសសង្គ្រាមកាលពីឆ្នាំមុន រួមទាំងជនបរទេស ១០នាក់ដែលត្រូវបានចាប់ដោយរុស្ស៊ី។

«ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហា ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីទទួលយកកិច្ចសហប្រតិបត្តិការរបស់យើងទៅកាន់កម្រិតថ្មីមួយទៀត» នេះជាការលើកឡើងរបស់ លោក Zelensky នៅលើ Twitter ភ្លាមៗបន្ទាប់ពីបានទៅដល់ទីក្រុង Jeddah៕