(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ក្នុងប្រទេសជប៉ុន នៅឆ្នាំនេះត្រូវបានរៀបចំឡើង មិនត្រឹមតែត្រូវកាលកាលៈទេសៈដ៏សំខាន់ប៉ុណ្ណោះទេ ដោយសូម្បីតែទីតាំងសម្រាប់កិច្ចប្រជុំក៏ត្រូវបានជ្រើសរើសជាពិសេសផងដែរ។ មេដឹកនាំ G7 នឹងត្រូវជួបប្រជុំគ្នាចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភានេះ​ ក្នុងទីក្រុង Hiroshima ស្ថិតនៅភាគខាងត្បូងនៃប្រទេសជប៉ុន ជាទីដែលរងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរដំបូងបំផុត នៅលើពិភពលោកពីសំណាក់ សហរដ្ឋអាមេរិក អំឡុងសង្គ្រាមលោកលើកទី២។ ការជ្រើសរើសយក Hiroshima ជាកន្លែងប្រជុំនេះបានរំឮកពិភពលោកសាជាថ្មីនូវហានិភ័យនៃ សង្រ្គាមនុយក្លេអ៊ែរ ខណៈមេដឹកនាំ G7 នឹងពិភាក្សាពីរុស្ស៉ី និងសង្រ្គាមនៅអ៊ុយក្រែន។

* តើអ្វីទៅជាកិច្ចប្រជុំកំពូល G7?
G7 គឺចង់សំដៅលើក្រុមប្រទេសឧស្សាកម្មជឿនលឿនទាំង៧ រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ក្រុមនេះដំបូងឡើយ ត្រូវបានបង្កើតឡើងក្នុងនាមជាក្រុមប្រទេស G6 នៅបន្ទាប់ពីវិបត្តិប្រេងក្នុងឆ្នាំ១៩៧៣ ហើយប្រទេសសមាជិកជាស្ថាបនិក បានរៀបចំ កិច្ចប្រជុំកំពូលជាលើកដំបូងក្នុងឆ្នាំ១៩៧៥ ក្នុងប្រទេសបារាំង ដើម្បីពិភាក្សាពីវិបត្តិសេដ្ឋកិច្ច ដែលបានកើតឡើង ក្រោយការកាត់បន្ថយការផលិតប្រេង និង ការដាក់ចេញបម្រាមនាំចេញប្រេងទៅកាន់សហរដ្ឋអាមេរិក ពីសំណាក់អង្គការ OPEC។ មួយឆ្នាំបន្ទាប់មក ទើបកាណាដាក្លាយជាសមាជិកទី៧។

រុស្ស៉ីបានចូលរួមក្នុងប្រទេស G7 នៅឆ្នាំ១៩៩៨ ដែលធ្វើឱ្យ G7 ក្លាយទៅជា G8។ ប៉ុន្តែ រុស្ស៉ីត្រូវបានបណ្ដេញចេញ បន្ទាប់ពីទីក្រុងមូស្គូក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ឆ្នាំ២០២៣នេះ ជប៉ុនជាប្រធាន G7 ហើយនៅឆ្នាំ២០២៤ អ៉ីតាលីនឹងកាន់តំណែងជាប្រធាន។

* តើមានមេដឹកនាំផ្សេងណាខ្លះទទួលបានការអញ្ជើញ
ក្នុងឆ្នាំ២០២៣នេះ មេដឹកនាំដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima រួមមានមេដឹកនាំអូស្ត្រាលី ប្រេស៊ីល ប្រធានសហភាពអាហ្វ្រិក ប្រធានវេទិកាប្រទេសដែនកោះប៉ាស៊ីហ្វិក ឥណ្ឌា (ប្រធាន G20) ឥណ្ឌណេស៊ី (ប្រធានអាស៊ាន) កូរ៉េខាងត្បូង និងវៀតណាម។ ក្រៅពីនេះ មេដឹកនាំ UN ទីភ្នាក់ងារថាមពលអន្តរជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក អង្គការ WHO អង្គការ WTO និងអង្គការសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ សុទ្ធតែស្ថិតនៅក្នុងបញ្ជីឈ្មោះភ្ញៀវត្រូវបានអញ្ជើញ។ បន្ថែមពីលើនេះ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ក៏ត្រូវបានគេរាយការណ៍ដែរថានឹងមានវត្តមានដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូល G7 ដើម្បីពិភាក្សាលើប្រធានបទជាច្រើនរាប់ចាប់ពីសេដ្ឋកិច្ច នយោបាយ រួមទាំងសំណុំរឿងសំខាន់ៗតួយ៉ាងដូចជាចិន និងសង្រ្គាមនៅអ៊ុយក្រែន។

* សង្គ្រាមនៅអ៊ុយក្រែន
សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី២ ខណៈមេដឹកនាំ G7​ ត្រូវបានគេរំពឹងថានឹងឯកភាពគ្នាលើការទម្លាក់កញ្ចប់ទណ្ឌកម្មថ្មី ប្រឆាំងទីក្រុងមូស្គូ។ នៅពេល នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា បំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីខែមីនាកន្លងទៅ លោក ហ្សេលេនស្គី បានកោតសរសើរលោក គីស៉ីដា សម្រាប់ការចូលរួមចំណែករក្សាសាមគ្គីភាពក្នុងក្រុមប្រទេស G7 គាំទ្រដល់អ៊ុយក្រែន។ ជាការឆ្លើយតប លោក គីស៊ីដា ក៏បានសន្យាដែរថាក្នុងនាមជាប្រធាន G7 ជប៉ុននឹងបន្តរក្សាសាមគ្គីភាពរបស់ G7 ក្នុងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរុស្ស៉ី ក៏ដូចជាបន្តផ្ដល់ជំនួយ សម្រាប់អ៊ុយក្រែន។ «កុំរំពឹងឱ្យសោះថានឹងមានការបែកបាក់សាមគ្គីភាពរបស់ G7 ពាក់ព័ន្ធនឹងអ៊ុយក្រែននៅឯកិច្ចប្រជុំ»។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម រវាងលោក គីស៊ីដា និងលោក ហ្សេលេនស្គី។

ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ ទើបតែប្រគល់មីស៊ីលដ៏ទំនើបដល់អ៊ុយក្រែន ហើយបានសន្យាថានឹងដឹកនាំក្រុមចម្រុះមួយ ដើម្បីផ្គត់ផ្គង់យន្ដហោះចម្បាំង F16។ អាល្លឺម៉ង់វិញ បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាដ៏ធំមិនធ្លាប់មានទំហំ ៣ពាន់លានដុល្លារដល់ទីក្រុងកៀវ ដែលក្នុងនោះរួមមានទំាងរថក្រោះ រថពាសដែក ដ្រូនស៊ើបការណ៍ និងគ្រាប់រំសេវ កាលពីដើមខែឧសភានេះ។ ចំណែក សហរដ្ឋអាមេរិកបានប្រកាសផ្ដល់កញ្ចប់ជំនួយយោធា ១.២ពាន់លានដុល្លារ ដើម្បីពង្រឹង សមត្ថភាពប្រព័ន្ធការពារដែនអាកាស និងគ្រាប់កំាភ្លើងរបស់អ៊ុយក្រែន។ ដូច្នេះនៅឯកិច្ចប្រជុំកំពូល ​បញ្ហាប្រឈមធំៗដែលមេដឹកនាំ G7 ត្រូវជម្នះឱ្យបាន​ នោះគឺ ការរក្សាសន្ទុះនៃការគាំទ្របែបនេះដល់អ៊ុយក្រែន ព្រោះថាធនធានសេដ្ឋកិច្ច មិនមែនមិនមានព្រំដែនកំណត់នោះទេ ខណៈប្រទេសនីមួយៗសុទ្ធតែកំពុងប្រឈមមុខ នឹងបញ្ហានៅក្នុងស្រុករៀងៗខ្លួន ជាពិសេសការស្ដារសេដ្ឋកិច្ចងើបចេញពីកូវីដ១៩។

* កិច្ចប្រជុំក្បែរមាត់ទ្វារផ្ទះចិន
ស្ថិតនៅចម្ងាយជាង ១,៦០០គីឡូម៉ែត្រពីភាគខាងលិចទីក្រុង ហ៉ីរ៉ូស៊ីម៉ា (Hiroshima) នោះគឺទីក្រុងប៉េកាំង ដែលកំពុងពង្រឹងសមត្ថភាពយោធា ដោយបង្កជា ក្ដីកង្វល់ដ៏ធំសម្រាប់ជប៉ុន និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធដ៏សំខាន់របស់ទីក្រុងតូក្យូ។ ដោយភ្នែកសំម្លឹងមើលទៅចិន និងកូរ៉េខាងជើង លោក គីស៊ីដា កាលពី ខែធ្នូ ឆ្នាំ២០២២ បានសន្យាថាទីក្រុងតូក្យូ នឹងបង្កើនកញ្ចប់ថវិកាយោធាទ្វេដង ដែលនេះនឹងធ្វើឱ្យជប៉ុនក្លាយជាប្រទេសមានកញ្ចប់ថវិកាយោធាធំលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។ រដ្ឋបាលលោក បៃដិន ក៏បានបង្ហាញការគាំទ្រការបោះជំហាននេះរបស់ជប៉ុនផងដែរ ហើយថែមទាំងបាន និងកំពុងពង្រឹងទំនាក់ទំនងយោធាជាមួយទីក្រុងតូក្យូ ជាមួយការបង្កើតកងអង្គភាពទាហានម៉ារីនថ្មីមួយ សំដៅជួយពង្រឹងសមត្ថភាពយោធាជប៉ុន។

ក្រៅពីសហរដ្ឋអាមេរិក អង់គ្លេស ក៏កំពុងពង្រឹងទំនាក់ទំនងយោធាជាមួយជប៉ុនដែរ ដោយកាលពីខែមករាកន្លងទៅ ទីក្រុងឡុងដ៍ បានប្រកាសពីកិច្ចព្រមព្រៀង ការពារជាតិជាប្រវត្តិសាស្ត្រមួយដែលអនុញ្ញាតឱ្យប្រទេសទាំង២ ដាក់ពង្រាយកងទ័ពក្នុងប្រទេសរបស់ខ្លួនទៅវិញទៅមក។ ក្ដីកង្វល់ដ៏ធំមួយនៅក្នុងចំណោម កង្វល់ធំៗរបស់ជប៉ុន នោះគឺជំហររបស់ចិនចំពោះតៃវ៉ាន់។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអះអាងរឿយៗថាចិននឹងបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ដោយ សន្តិវិធី តែព្រមពេលជាមួយគ្នា លោកក៏បានព្រមានដែរថានឹងប្រើប្រាស់កម្លាំងយោធាក្នុងករណីចាំបាច់។ បើតាមក្រុមអ្នកវិភាគ ករណីសង្រ្គាមនៅតៃវ៉ាន់ផ្ទុះឡើង ជប៉ុនអាចក្លាយជាគោលដៅវាយប្រហាររបស់ចិន ដ្បិតកងទ័ពអាមេរិករាប់ម៉ឺននាក់កំពុងឈរជើងលើទឹកដីជប៉ុន។

តែទោះជាយ៉ាងណាក៏ដោយ G7 មិនទាន់ត្រៀមលក្ខណៈរួចរាល់ទេ ក្នុងការរួបរួមគ្នាប្រឆាំងនឹងចិន ដូចដែលពួកគេកំពុងរួបរួមគ្នាប្រឆាំងរុស្ស៉ី។ ជាឧទាហរណ៍ គឺបារាំងតែម្ដងដែលកំពុងព្យាយាមរក្សាតុល្យាភាពទំនាក់ទំនងជាមួយចិនផង និងសហរដ្ឋអាមេរិកផង។ នៅបន្ទាប់ពីបំពេញទស្សនកិច្ចក្នុងទីក្រុងប៉េកាំង កាលពី ខែមេសា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បាននិយាយថាអឺរ៉ុបមិនត្រូវដើរតាមសហរដ្ឋអាមេរិកគ្រប់រឿងនោះទេ នៅពេលត្រូវបានសាកសួរពីលទ្ធភាពដែលចិន អាចនឹងប្រើកម្លាំងយោធាលើតៃវ៉ាន់។ «អឺរ៉ុបមិនត្រូវបណ្ដោយឱ្យខ្លួនកៀបជាប់នៅចំណ្ដាលនៃជម្លោះមួយដែលមិនមែនជាជម្លោះរបស់យើងឡើយ ព្រោះវាអាច រារាំងអឺរ៉ុបពីយុទ្ធសាស្ត្រស្វ័យភាពរបស់ខ្លួន»។ នេះជាការកត់សម្គាល់របស់លោក ម៉ាក្រុង។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាក៏បានផ្ទុះឡើងផងដែរប្រឆាំងនឹងកិច្ចប្រជុំកំពូល G7 ហើយខណៈជប៉ុនកំពុងរៀបចំកិច្ចប្រជុំកំពូល G7 ចិនឯណោះវិញកំពុងរៀបចំ កិច្ចប្រជុំកំពូលជាមួយមេដឹកនាំមកពីតំបន់អាស៊ីកណ្ដាល៕