(ហ៉ីរ៉ូស៊ីម៉ា)៖ ក្រសួងការបរទេសជប៉ុន នៅថ្ងៃសៅរ៍នេះ បានទទួលស្គាល់ថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងធ្វើដំណើរទៅកាន់ទីក្រុង ហ៉ីរ៉ូស៊ីម៉ា (Hiroshima) ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅថ្ងៃអាទិត្យស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងទៀតថា ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក ហ្សេលេនស្គី នឹងមានកិច្ចភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ គីស៉ីដា (Fumio Kishida)។ លោក ហ្សេលេនស្គី ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅដល់ទីក្រុងហ៉ីរ៉ូស៊ីម៉ា នៅថ្ងៃសៅរ៍នេះ។

បើតាមសេចក្ដីថ្លែងការណ៍ដដែល ដំបូងឡើយ លោកប្រធានាធិបតីអ៊ុយក្រែន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល G7 តាមប្រព័ន្ធអនឡាញប៉ុណ្ណោះ ប៉ុន្តែគម្រោងនេះ ត្រូវបានផ្លាស់ប្ដូរ ក្រោយលោក ហ្សេលេនស្គីបង្ហាញពីបំណងប្រាថ្នាយ៉ាងរឹងមាំ ថាចង់ចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់៕