(ប៉េកាំង)៖ ចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញការជំទាស់ និងនិយាយថាខ្លួននឹងមិនចូលរួមក្នុងកិច្ចប្រជុំ G20 ស្ដីពីវិស័យទេសចរណ៍ ដែលគ្រោងនឹងធ្វើឡើង នៅក្នុងតំបន់ជម្លោះទឹកដី កាស្មៀរ (Kashmir) នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។

ឥណ្ឌា ដែលជាប្រធាន G20 ក្នុងឆ្នាំ២០២៣នេះ បាន និងកំពុងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ នៅទូទាំងប្រទេស មុននឹងកិច្ចប្រជុំកំពូល G20 ប្រព្រឹត្តទៅក្នុង ទីក្រុងញូវដេលី នៅខែកញ្ញា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានគូសបញ្ជាក់ដូច្នេះថា «ចិនប្រឆាំងជាដាច់ខាតចំពោះការរៀបចំកិច្ចប្រជុំ G20 គ្រប់ទម្រង់ នៅក្នុងតំបន់មានវិវាទទឹកដី ហើយនឹងមិនចូលរួមកិច្ចប្រជុំទាំងនោះឡើយ»។

កិច្ចប្រជុំក្រុមការងារខាងវិស័យទេសចរណ៍របស់ G20 នឹងធ្វើឡើងក្នុងទីក្រុង ស្រីណាហ្កា (Srinagar) នៃរដ្ឋ ចាមូ និងកាស្មៀរ (Jammu and Kashmir) ពីថ្ងៃ២២ ដល់ថ្ងៃទី២៤ ខែឧសភា។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ឥណ្ឌាបានសម្រេចបំបែករដ្ឋ ចាំមូ និងកាស្មៀរ (Jammu and Kashmir) ដើម្បីបង្កើតទៅជាដែនដីសហព័ន្ធចំនួន ២ គឺ ចាមូ និងកាស្មៀរ (Jammu and Kashmir) និងឡាដាក់ (Ladakh)។ ទឹកដីមួយផ្នែកធំនៃតំបន់ឡាដាក់ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ហើយទំនាក់ទំនង រវាងទីក្រុងញូវដេលី និងទីក្រុងប៉េកាំង ស្គាល់ភាពតានតឹងនឹងគ្នា ចាប់តាំងពីការផ្ទុះអំពើហិង្សារវាងយោធានៃប្រទេស២ ក្នុងតំបន់ឡាដាក់ កាលពីឆ្នាំ២០២០ ដែលបណ្ដាលឱ្យទាហានទាំងសងខាង ២៤នាក់ស្លាប់៕