(ហ៉ីរ៉ូស៊ីម៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទៅក្រុងហ៉ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុនហើយ នៅថ្ងៃសៅរ៍នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G7។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីទូតម្នាក់ បានឱ្យដឹងទៀតថាយន្ដហោះបារាំងមួយគ្រឿងដែលដឹកលោក ហ្សេលេនស្គី បានចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា ដោយមានការក្រាលកម្រាលព្រំពណ៌ក្រហមទទួលស្វាគមន៍ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ។

ដោយឡែក នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសៅរ៍នេះដែរ លោក ហ្សេលេនស្គី បាននិយាយថាកិច្ចប្រជុំកំពូល ​G7 នឹងនាំសន្តិភាពមកកាន់ កៀក។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុន G7 កិច្ចប្រជុំដ៏មានសារៈសំខាន់ជាមួយដៃគូ និងមិត្តរបស់អ៊ុយក្រែន។ សន្តិសុខ និងការកើនឡើងកិច្ចសហប្រតិបត្តិការសម្រាប់ជ័យជម្នះរបស់យើង។ ថ្ងៃនេះ សន្តិភាពនឹងកាន់តែខិតជិតមកដល់»