(ហ៉ីរ៉ូស៊ីម៉ា)៖ ក្រុមមេដឹកនាំនៃប្រទេស G7 នៅថ្ងៃសៅរ៍នេះ បានព្រមានចិន ជុំវិញការធ្វើសកម្មភាពយោធូបនីយកម្ម ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែ ក្នុងពេលជាមួយគ្នា ប្លុកនេះបាននិយាយថាចង់រក្សាទំនាក់ទំនងជាមួយចិនប្រកបដោយស្ថិរភាព និងលក្ខណៈស្ថាបនា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅឯកិច្ចប្រជុំនៅក្នុងទីក្រុង ហ៉ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន មេដឹកនាំ G7 ក៏បានបង្ហាញការព្រួយបារម្ភ ផងដែរថាចំពោះអ្វីដែលពួកគេហៅថាជាការសម្លុតគំរាមសេដ្ឋកិច្ច និងយោធាពីចិន។ ប៉ុន្តែ មេដឹកនាំទាំងនេះអះអាងថានៅតែបើកចំហទ្វារសម្រាប់ កិច្ចសហប្រតិបត្តិការ និងបញ្ចៀសនូវអណ្ដាតភ្លើងនៃភាពតានតឹងរវាងចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោក និងក្រុមប្រទេស លោកខាងលិច បូករួមទាំងជប៉ុន។

សេចក្ដីថ្លែងការណ៍ខាងលើដដែល បានបញ្ជាក់ដូច្នេះថា «យើងត្រៀមលក្ខណៈជាស្រេច ដើម្បីកសាងទំនាក់ទំនងប្រកបដោយស្ថិរភាព និងលក្ខណៈ ស្ថាបនាជាមួយចិន ដោយទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមដោយភាពស្មោះត្រង់ និងបង្ហាញពីក្ដីកង្វល់ដោយផ្ទាល់របស់យើងចំពោះចិន... យុទ្ធសាស្ត្រនយោបាយរបស់យើងមិនមែនដាក់ចេញ ដើម្បីបង្កការខូចខាតដល់ចិននោះទេ ហើយក៏មិនកំពុងព្យាយាមបង្អាក់ភាពរីកចម្រើន និងការភិវឌ្ឍ សេដ្ឋកិច្ចរបស់ចិននោះដែរ»

តែទោះជាបែបនេះក្ដី ក្រុមមេដឹកនាំ G7 នៅតែបង្ហាញការព្រួយបារម្ភ និងបានព្រមានចិន ពាក់ព័ន្ធនឹងការធ្វើយោធូបនីយកម្មក្នុងតំបន់សមុទ្រចិនខាងត្បូង ព្រមទាំងបានបញ្ជាក់ឡើងវិញដែរថាសន្តិភាព និងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺមិនអាចខ្វះបានឡើយសម្រាប់សន្តិសុខសកល៕