(ខាទុំ)៖ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ ភាគីជម្លោះនៅស៊ូដង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ថ្មី ដែលមានរយៈពេល៧ថ្ងៃ ខណៈការប្រយុទ្ធគ្នាដែលបានធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពវឹកវរ និងធ្វើឱ្យមនុស្សសរុបជាង ១លាននាក់ព្រាត់ប្រាសពីផ្ទះសម្បែង បានឈានដល់​សប្តាហ៍ទី៦ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកគាំទ្រដល់កិច្ចចរចារវាងភាគីជម្លោះស៊ូដង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា បទឈប់បាញ់នោះ នឹងចូលជាធរមាននៅម៉ោង ៩៖៤៥នាទីយប់ថ្ងៃចន្ទសប្តាហ៍ក្រោយ (ពេលវេលានៅទីក្រុងខាទុំ)។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ស្របពេល​ដែលបទឈប់បាញ់ជាច្រើនកន្លងមកត្រូវបានបំពាន កិច្ចព្រមព្រៀងលើកនេះនឹងត្រូវអនុវត្តដោយយន្តការឃ្លាំងមើល ដែលគាំទ្រដោយអាមេរិក-អារ៉ាប៊ីសាអូឌីតនិងអន្តរជាតិ។ ក្រៅពីផ្អាកការប្រយុទ្ធគ្នា កិច្ចព្រមព្រៀងខាងលើ ក៏អំពាវនាវឱ្យមានការចែកចាយជំនួយមនុស្សធម៌ ការស្តារសេវាសំខាន់ៗឡើងវិញ ហើយនិងការដកកងកម្លាំងចេញពីមន្ទីរពេទ្យ ក៏ដូចជាទីតាំងសម្រាប់បម្រើសេវាដល់សាធារណជន ដែលចាំបាច់ដទៃៗទៀត ផងដែរ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF បានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៥ ខែមេសា ហើយបានបង្ខំឱ្យមនុស្សជិត ១‌.១លាននាក់ ត្រូវផ្លាស់ទីលំនៅ​ក្នុងប្រទេសផ្ទាល់ ព្រមទាំងរត់ភៀសខ្លួនចេញទៅកាន់ប្រទេសជិតខាង។ បើតាមអង្គការសុខភាពពិភពលោក មកទល់ពេលនេះ មនុស្សបហែលជា ៧០៥នាក់ បានបាត់បង់ជីវិត និងយ៉ាងហោច៥,២៨៧នាក់ បានរងរបួស ដោយសារតែជម្លោះនេះ៕