(ហ៉ីរ៉ូស៉ីម៉ា)៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) បាននិយាយថា ពាក្យពេចន៍របស់នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) មានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ប្រជាជនកូរ៉េខាងត្បូង នៅពេលដែលលោក​បាននិយាយថា បេះដូងរបស់លោកឈឺចាប់ខ្លាំងណាស់ សម្រាប់ជនទាំងឡាយដែលបានរងគ្រោះ ក្រោមការបង្ខិតបង្ខំកម្លាំងពលកម្ម អំលុងសម័យអាណានិគមជប៉ុន។ នេះបើតាមកាចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។

លោក យូន បានធ្វើការគូសបញ្ជាក់ដូចខាងលើ កំលុងជំនួបជាមួយលោក គីស៉ីដា នៅក្រៅកិច្ចប្រជុំកំពូល G7 ដែលរៀបចំឡើងនៅទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima​) នៃប្រទេសជប៉ុន។ ជំនួបទ្វេភាគីនៅថ្ងៃអាទិត្យនេះ គឺជាការជួបមុខពិភាក្សាគ្នា ជាលើកទី៣ហើយ រវាងមេដឹកនាំទាំងពីរនៅក្នុងឆ្នាំ២០២៣នេះ។ ទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្ថិតក្នុងសភាមិនល្អអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ចំណងទ្វេភាគីបានបន្តប្រសើរឡើង ចាប់តាំងពីពេលកូរ៉េខាងត្បូងបានប្រកាស កាលពីដើមខែមីនាកន្លងទៅ នូវផែនការសម្រាប់ឱ្យក្រុមហ៊ុនក្នុងស្រុករបស់ខ្លួនផ្ទាល់ រៀបចំផ្តល់សំណងដល់ជនរងគ្រោះនៃការធ្វើពលកម្មដោយបង្ខំ ដោយមិនពាក់ព័ន្ធជាមួយជប៉ុនឡើយ។

គួរបញ្ជាក់ថា មុនពេលជួបគ្នា លោកប្រធានាធិបតីកូរ៉េខាងត្បូង និងលោកនាយករដ្ឋមន្រ្តីជប៉ុន ក៏បានទៅទស្សនកិច្ចឧទ្យានសន្តិភាព Memorial Peace Park នៃទីក្រុងហ៉ីរ៉ូស៉ីម៉ាផងដែរ ដើម្បីសម្តែងការគោរពចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះ រួមមានទាំងជនជាតិកូរ៉េផងដែរ ដែលបានបាត់បង់ជីវិតកំលុង​ការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិក កាលពីឆ្នាំ១៩៤៥។ នាពេលនោះ លោក គីស៉ីដា បានថ្លែងប្រាប់លោក យូន យ៉ាងដូច្នេះថា «ខ្ញុំមានអារម្មណ៍ថា ទស្សនកិច្ចរបស់យើង មានសារសំខាន់ទាំងសម្រាប់ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង និងសម្រាប់ឱ្យយើងបួងសួងដើម្បីសន្តិភាពនៃ​ពិភពលោកទាំងមូល»