(ហ៉ីរ៉ូស៉ីម៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា លោកបានអញ្ជើញឥណ្ឌាចូលរួមរូបមន្តសន្តិភាព​របស់អ៊ុយក្រែន កំលុងជំនួបពិភាក្សាកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី បាននិយាយនៅលើប្រព័ន្ធតេឡេក្រាមថា អ្នកទាំងពីរក៏បានជជែកអំពីតម្រូវការរបស់អ៊ុយក្រែន សម្រាប់មន្ទីរពេទ្យចល័ត និងក្នុងការដោះមីនផងដែរ។ វាគឺជាជំនួបទល់មុខលើកដំបូងបង្អស់របស់មេដឹកនាំទាំងពីរ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពី​ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួបនោះ លោក ម៉ូឌី បានប្រាប់លោក ហ្សេលេនស្គី ថា លោកពិតជាចង់ជួយខ្លាំងណាស់ ដោយរូបលោកនឹងធ្វើអ្វីគ្រប់​បែបយ៉ាងដើម្បីជួយអ៊ុយក្រែន តាមតែអាចធ្វើទៅបាន ខណៈសម្រាប់ខ្លួនលោកផ្ទាល់ សង្រ្គាមនៅអ៊ុយក្រែនគឺជាបញ្ហាពាក់ព័ន្ធទៅនឹងមនុស្សជាតិ ក៏ដូចជាទៅនឹងគុណតម្លៃ​របស់មនុស្ស។

បើតាមមន្រ្តីការទូតជាន់ខ្ពស់ឥណ្ឌា លោក វីណេ ក្វាត្រា (Vinay Kwatra) លោក ហ្សេលេនស្គី ក៏បានអញ្ជើញលោក ម៉ូឌី ឱ្យទៅ​បំពេញទស្សនកិច្ច នៅអ៊ុយក្រែនថែមទៀតផង។ លោក ណារិនដ្រា ម៉ូឌី ធ្លាប់បានជួបសន្ទនាគ្នាតាមទូរស័ព្ទប៉ុន្មានលើក ទាំងជាមួយលោក ហ្សេលេនស្គី និងជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅអ៊ុយក្រែន ដោយលោកបានទទូចឱ្យភាគីទាំងពីរ ប្រើប្រាស់​កិច្ចសន្ទនានិងការទូត ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។

គួរបញ្ជាក់ថា ទីក្រុងញូដេលីនិងទីក្រុងមូស្គូ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នារាប់ទសវត្សរ៍មកហើយ។ ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសដែលមិន​បានថ្កោលទោសរុស្ស៉ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែនឡើយ។ មិនតែប៉ុណ្ណោះ ការធ្វើពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយទីក្រុងមូស្គូ ក៏បានកើនឡើងខ្ពស់​ខ្លាំងដល់កំណត់ត្រាថ្មីផងដែរ ដែលជាចម្បងគឺត្រូវបានជំរុញដោយការបង្កើនទិញប្រេងពីរុស្ស៉ី។ ក្រុមមេដឹកនាំលោកខាងលិចមួយចំនួនបានរិះគន់ ចំណងទាក់ទងដ៏ស្និទ្ធស្នាលនេះរបស់ឥណ្ឌាជាមួយរុស្ស៉ី ខណៈដែលពួកគេព្យាយាមធ្វើឱ្យរុស្ស៉ីនៅឯកោ៕