(វ៉ាស៉ីនតោន)៖ បេសកកម្មលក្ខណៈឯកជនថ្មីមួយទៀត ឡើងឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដែលរៀបចំដោយក្រុមហ៊ុន Axiom Space បានចាកចេញពីរដ្ឋផ្លូរីដា (Florida) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ (ពេលវេលានៅក្នុងតំបន់) ខណៈអ្នកដំណើរគឺរួមមានទាំងជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

អ្នកស្រាវជ្រាវជំងឺមហារីកសុដន់ លោកស្រី រេយ៉ាណា បាណាវី (Rayyanah Barnawi) គឺជាស្រ្តីជនជាតិអារ៉ាប៊ីសាអូឌីតដំបូង​បង្អស់ ដែលបានធ្វើដំណើរឡើងទៅកាន់ទីអវកាស ហើយលោកស្រី ត្រូវបានចូលរួមដោយជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ទៀត គឺលោក អាលី អាល់កានី (Ali Al-Qarni) ដែលជាអ្នកបើកយន្តហោះចម្បាំង។ នៅក្នុងនោះក៏រួមមាន អតីតអវកាសយានិកអាមេរិក លោកស្រី ផេកហ្គី វីតសុន (Peggy Whitson) ហើយនិងពាណិជ្ជករម្នាក់ឈ្មោះ ចន សូហ្វណឺ (John Shoffner) ដែលមកពីរដ្ឋថេនណេស្ស៉ី (Tennessee) ផងដែរ។

បេសកកម្ម Axiom Mission 2 ឬ Ax-2 ត្រូវបានបញ្ជូនចេញពីផ្ទៃផែនដី តាមរយៈយាន Dragon និងរ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX។ អ្នកទាំង៤ត្រូវគេរំពឹងថា នឹងចំណាយពេលប្រមាណជា១០ថ្ងៃ នៅលើស្ថានីយ ISS ក្រោយទៅដល់​ទីនោះនៅខ្ទង់ពេលព្រឹកថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក)។

Ax-2 គឺជាបេសកកម្មអវកាសទី២ ដែលរៀបចំដោយក្រុមហ៊ុន Axiom Space ក្រោមការសហការជាមួយ ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA)។ ក្រុមហ៊ុនវិស័យអវកាសនេះ ទទួលរៀបចំការធ្វើដំណើរទៅកាន់ទីអវកាស សម្រាប់តម្លៃខ្ទង់លានដុល្លារ។ Axiom Space បានចេញបេសកកម្មឯកជនដំបូងរបស់ខ្លួន ទៅកាន់ស្ថានីយអវកាសអន្តរជាតិ កាលពីខែមេសា ឆ្នាំ២០២២។ ក្នុងបេសកកម្មនោះ អ្នកដំណើររួមមានពាណិជ្ជករ៣នាក់ និងអតីតអវកាសយានិកអាមេរិកម្នាក់ ហើយស្នាក់នៅលើស្ថានីយ ISS រយៈពេល១៧ថ្ងៃ។

គួរបញ្ជាក់ថា បេសកកម្មកាលពីថ្ងៃអាទិត្យ មិនមែនជាការធ្វើដំណើរឡើងទៅក្នុងលំហអវកាស ជាលើកទីមួយសម្រាប់អារ៉ាប៊ីសាអូឌីតឡើយ។ កាលពីឆ្នាំ១៩៨៥ ព្រះអង្គម្ចាស់ ស៊ូលតង់ ប៊ីន សាល់ម៉ាន់ ប៊ីន អាប់ឌូឡាហ្ស៉ីស (Prince Sultan bin Salman bin Abdulaziz) ដែលជាពីឡុតយន្តហោះចម្បាំង ក៏ធ្លាប់បានយាងចូលរួមធ្វើដំណើរក្នុង បេសកកម្មអវកាសមួយរបស់សហរដ្ឋអាមេរិកផងដែរ៕