(តៃប៉ិ)៖ ឆ្នាំនេះតៃវ៉ាន់បានបន្តទទួលបរាជ័យដដែល ក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីទទួលបានការអញ្ជើញឱ្យចូលរួម ក្នុងមហាសន្និបាតប្រចាំរបស់អង្គការ​សុខភាពពិភពលោក (WHO) បើទោះបីដែនកោះនេះអះអាងថា ខ្លួនទទួលបានការគាំទ្រកើនឡើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

មហាសន្និបាត WHO ដែលត្រូវប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែឧសភា នៅថ្ងៃចន្ទនេះ បានបន្តសម្រេចចិត្ត មិនអញ្ជើញតៃវ៉ាន់ឱ្យចូលរួមឡើយ ដោយប្រទេសមួយចំនួន ដូចជាចិននិងប៉ាគីស្ថាន បានទទូចឱ្យសមាជិក WHO បដិសេធផ្តល់ការអញ្ជើញទៅកាន់តៃវ៉ាន់ ខណៈប្រទេសមួយចំនួនទៀត ដូចជាអេស្វាទីនីនិងប្រជុំកោះម៉ាសាល់ (Marshall Islands) ដែល​ស្ថិតក្នុងចំណោមប្រទេសចំនួន១៣ ដែលនៅមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ បានបញ្ចេញមតិគាំទ្រចង់ឱ្យអញ្ជើញទីក្រុងតៃប៉ិ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុន សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកធំបំផុតរបស់ទីក្រុងតៃប៉ិ ក៏បានខំអំពាវនាវឱ្យ WHO អញ្ជើញតៃវ៉ាន់ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ នៅមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនផងដែរ។ ប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លូន បានចាប់ផ្តើមរារាំងការចូលរួមរបស់ដែនកោះនេះ ក្នុងព្រឹត្តិការណ៍មហាសន្និបាតប្រចាំឆ្នាំរបស់ WHO តាំងតែពីឆ្នាំ២០១៧មក​ ដែលជាយុទ្ធនាការការទូតមួយរបស់ទីក្រុងប៉េកាំង ក្រោមគោលដៅធ្វើឱ្យតៃវ៉ាន់នៅឯកោ៕