(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergey Ryabkov) បាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៉ីនឹងស្វែងរក មធ្យោបាយការពារការគំរាមកំហែងពីការវាយប្រហារដែលអាចកើតមាន មកលើតំបន់គ្រីមៀ និងដើម្បីធ្វើឲ្យបូរណភាពទឹកដី ក៏ដូចជាសន្តិសុខរបស់ប្រទេសត្រូវបានធានាប្រកបដោយភាពជឿជាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣។

លោក រីយ៉ាបកូវ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រីមៀគឺជាផ្នែកសំខាន់មួយនៃសហព័ន្ធរុស្ស៉ី។ ការប៉ុនប៉ងបង្ហាញរូបភាពក្នុងវិធីផ្សេងៗគ្នា យកមកធ្វើជាឧទាហរណ៍នៃការគំរាមកំហែង ដែលនាំឲ្យមានការសង្ស័យនោះ គឺជាការបញ្ជាក់មួយផ្សេងទៀត នៃការមិនទទួលខុសត្រូវ និងការបង្កហេតុរបស់ទីក្រុងវ៉ាស៊ីនតោន»។

លោក រីយ៉ាបកូវ បានបន្ថែមថា «យើងនឹងស្វែងរកវិធីសាស្រ្តមួយ ដើម្បីទប់ស្កាត់ការអនុវត្តការគំរាមកំហែងបែបនេះ។ ហើយគ្មានអ្វីគួរឲ្យសង្ស័យទេ ដែលបូរណភាពទឹកដីរុស្ស៉ី ដូចគ្នានឹងសន្តិសុខដែរគឺត្រូវបានធានាប្រកបដោយភាពជឿជាក់»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ីនាពេលនេះធ្វើឡើង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានប្រាប់ CNN កាលពីថ្ងៃទី២១ ខែឧសភាថា សហរដ្ឋអាមេរិកមិនបានដាក់កម្រិតលើ ការប្រើប្រាស់អាវុធដែលបានផ្តល់ដល់អ៊ុយក្រែន ឬណែនាំមិនឲ្យមានការវាយប្រហារណាមួយ លើតំបន់គ្រីមៀនោះទេ៕