(ប៉េកាំង)៖ ថ្ងៃទី១៩ ខែឧសភា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូងបានសម្ពោធឡើងដោយជោគជ័យនៅក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិនដែលជាទីចាប់ផ្តើមនៅទិសខាងកើតនៃផ្លូវសូត្របុរាណ ។ នេះជាកិច្ចប្រជុំកំពូលលើកដំបូងដែលត្រូវ បានរៀបចំឡើងនៅកន្លែងផ្ទាល់  គិតតាំងពីប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥បានបង្កើតទំនាក់ទំនងការទូតរយៈពេល៣១ឆ្នាំមក  ហើយក៏ជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីការបង្កើតយន្តការចិន-អាស៊ីកណ្តាលរយៈពេល៣ឆ្នាំមកផងដែរ ។

លោក Xi Jinping  ប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ថាពិភពលោកត្រូវការអាស៊ីកណ្តាល ដែលប្រកបដោយស្ថិរភាព វិបុលភាព ភាពសុខដុមរមនានិងតភ្ជាប់ជាមួយគ្នា ព្រមទាំងបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពី“ការប្រកាន់ខ្ជាប់៤ចំណុច”អំពីបញ្ហាថាតើត្រូវធ្វើយ៉ាងម៉េចទើបអាចកសាង សហគមន៍រួមវាសនារវាងចិននិងអាស៊ីកណ្តាល ក៏ដូចជាបានលើកឡើងនូវ“សំណើ៨ចំណុច”អំពីបញ្ហាថាតើត្រូវធ្វើយ៉ាងម៉េចទើប អាចអភិវឌ្ឍកិច្ចសហប្រតិបតិ្តការទ្វេភាគី គំនិតផ្តួចផ្តើមទាំងនេះទទួលបានការកោតសរសើរខ្ពស់ និងការឆ្លើយតបយ៉ាងសកម្មពីសំណាក់ប្រមុខរដ្ឋ នៃបណ្តាប្រទេសអាស៊ីកណ្តាលនានា ។

បច្ចុប្បន្ននេះ បម្រែបម្រួលរបស់ពិភពលោក យុគសម័យនិងប្រវត្តិសាស្ត្របាននិងកំពុងដំណើរការតាមទម្រង់ដែលមិនធ្លាប់មានកាលពីមុន ។ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ សុទ្ធតែប្រឈមនឹងការសាកល្បងនៃបម្រែបម្រួល ស្ថានការណ៍អន្តរជាតិសុទ្ធតែស្ថិត ក្នុងដំណាក់កាលគន្លឹះនៃការអភិវឌ្ឍនិងងើបឡើងវិញ ហើយក៏ជាអ្នករួមដំណើរតាមផ្លូវឆ្ពោះទៅកាន់ការស្តារ ភាពរុងរឿងរបស់ប្រជាជាតិឡើងវិញផងដែរ ។ នេះជាកម្លាំងចលករយ៉ាងខ្លាំងក្លាដែលនាំឱ្យភាគីទាំងពីរដើរជាមួយគ្នាកាន់តែជិតស្និទ្ធ ។

“ការប្រកាន់ខ្ជាប់៤ចំណុច ” និង“សេចក្តីស្នើ៨ចំណុច”ដែលលោក Xi Jinping បានលើកឡើងជា “ផែនការចិន”មួយឈុតជាប្រព័ន្ធដែលមានភាពល្អពេញលេញនិងភាពប្រមូលផ្តុំ ក្នុងនោះបូករួមទាំងគោលការណ៍ផង ហើយក៏មានខ្លឹមសារលម្អិតផង មានគោលដៅផងហើយក៏មានភារកិច្ចផងដែរ ដែលបានផ្តល់នូវកម្មវត្ថុពីឬសគល់និងសេចក្តីណែនាំ ប្រតិបត្តិដល់ការបង្កើតសហគមន៍រួមវាសនា រវាងចិននិងអាស៊ីកណ្តាលដែលមានភាពកាន់តែស្អិតល្មួត ។

ក្នុងនោះ គំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” គឺជាខ្សែសង្វាក់ដ៏ខ្លាំងក្លាបំផុតសម្រាប់ធ្វើឱ្យកិច្ចសហប្រតិបតិ្តការ រវាងចិននិងអាស៊ីកណ្តាលមានភាពកាន់តែស្អិតល្មួត អាស៊ីកណ្តាលស្ថិតក្នុងភាគកណ្តាលនៃតំបន់អឺរ៉ាស៊ី កិច្ចសហប្រតិបតិ្តការប្រកបដោយភាពបើកទូលាយ និងបរិយាប័ន្នរវាងចិននិងប្រទេសអាស៊ីកណ្តាលទាំង៥ នឹងនាំមកនូវប្រសិទ្ធភាពវិជ្ជមានដល់តំបន់និងពិភពលោក ។

ការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាស៊ីកណ្តាលដែលមានភាពកាន់តែស្អិតល្មួត មិនត្រឹមតែមានអំណោយផលដល់ភាគីទាំងពីរ រឹតចំណងមិត្តភាពសហស្សវត្សរ៍និងត្រួសត្រាយអនាគតដ៏ថី្មស្រឡាងប៉ុណ្ណោះទេ ថែមទាំងក៏បានរួមចំណែកជាកម្លាំងចលករថ្មី ដល់ការគាំពារយុត្តិធម៌និងសមភាពអន្តរជាតិ និងបានបង្កើតជាគំរូថ្មីនៃការសាមគ្គីគ្នា និងភាពម្ចាស់ការដល់ប្រទេសកំពុងអភិវឌ្ឍន៍ទៀតផង ។ កិច្ចសហប្រតិបតិ្តការទ្វេភាគី មិនសំដៅចំពោះភាគីទីបី ហើយក៏មិនរងការរឹតត្បិតពីភាគីទីបីណាទាំងអស់ មិនបង្កើតជា “ក្រុមសម័្ពន្ធតូច”ដែលមានលក្ខណៈបិទជិតនិងរើសអើង ហើយក៏ប្រឆាំងនឹងការធ្វើនយោបាយជាបក្សពួក និងធ្វើបដិបក្ខគ្នានៃសង្គ្រាមត្រជាក់ផងដែរ ។ ដូច្នេះ នេះទើបជាថាមពលវិជ្ជមានដែលពិភពលោក ត្រូវការនៅពេលប្រឈមនឹងសភាពច្របូកច្របល់ ។

ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ ទីក្រុងXi'anជាសាក្សីនៃភាពរុងរឿងនៃផ្លូវសូត្របុរាណ ។បច្ចុប្បន្ននេះ កិច្ចប្រជុំកំពូលដែលបានរៀបចំធ្វើនៅទីក្រុងបុរាណនេះ ក៏បានក្លាយជានិមិត្តសញ្ញាថ្មីក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងភាគីទាំងពីរ ។ ឆ្លៀតឱកាសបើកធ្វើកិច្ចប្រជុំកំពូលលើកនេះ យន្តការសន្ទនារបស់ប្រមុខរដ្ឋចិននិងអាស៊ីកណ្តាលក៏បានបង្កើតឡើង ដែលនឹងផ្តល់ការណែនាំជាយុទ្ធសាស្ត្រដល់ កិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរនៅពេលអនាគត ក៏ដូចជានឹងផ្តល់“ការរួមចំណែករបស់ចិននិងអាស៊ីកណ្តាល”កាន់តែច្រើនដល់តំបន់និងពិភពលោកផងដែរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន