(អែលសាល់វ៉ាឌ័រ)៖ អ្នកគាំទ្របាល់ទាត់ប្រទេស El Salvador បានធ្វើការកាន់ទុក្ខកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមនុស្ស ១២នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋានមួយ ដោយប្រធានាធិបតីរបស់ប្រទេសនេះបានប្តេជ្ញាថានឹងមានការស៊ើបអង្កេតមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែឧសភា​ ឆ្នាំ២០២៣។

អាជ្ញាធរបាននិយាយថា របាយការណ៍ដំបូងបានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើនៅអ្នកគាំទ្រដែលព្យាយាមចូលទៅក្នុងកីឡដ្ឋាន Cuscatlan ដែលមានកៅអី ៣៥,០០០កៅអី ក្នុងរដ្ឋធានី San Salvador របស់ប្រទេសអាមេរិកកណ្តាលមួយនេះ ដើម្បីទស្សនាការប្រកួតរវាងក្រុមក្នុងស្រុកពីរគឺ Alianza និង FAS ។

ការប្រកួតត្រូវបានផ្អាក ខណៈដែលបុគ្គលិកសង្គ្រោះបន្ទាន់បានជម្លៀសមនុស្សចេញពីកីឡដ្ឋាន ដែលជាកន្លែងដែលមន្ត្រីប៉ូលីស និងទាហានរាប់រយនាក់បានប្រមូលផ្តុំគ្នា ដែលសំឡេងស៊ីរ៉ែនរថយន្តសង្គ្រោះបានស្រែកលាន់កងរំពង។

លោក Carlos Fuentes អ្នកនាំពាក្យនៃក្រុមសេវាសង្គ្រោះបន្ទាន់បាននិយាយថា ពួកគេកំពុងព្យាបាលមនុស្សជាង ៥០០នាក់ដែលរងរបួសផ្សេងៗ ខណៈដែលអាជ្ញាធរការពារស៊ីវិលបាននិយាយថា មនុស្សសរុបចំនួន ៨៨នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោក Fuentes បាននិយាយថា ការរត់ជាន់គ្នាបានចាប់ផ្តើមកើតឡើង បន្ទាប់ពីទ្វារកីឡដ្ឋានមួយបានដួលរលំ ដែលបណ្តាលឱ្យមនុស្សម្នាប្រមូលផ្តុំគ្នាច្រើន។

គួរបញ្ជាក់ថា ការរត់ជាន់គ្នាបានចាប់ផ្តើមនៅ ១០នាទីនៃការប្រកួត ហើយបន្ទាប់ពីវាត្រូវបានបញ្ឈប់កីឡាករបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដោយភ័យខ្លាច។