(វ៉ាស៊ីនតោន)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក Yevgeny Prigozhin កាលពីថ្ងៃសៅរ៍ ទី២០ ខែឧសភាកន្លងទៅ បានអះអាងថាទាហានរបស់ លោកបានវាយដណ្ដើមគ្រប់គ្រងទីក្រុងបាកមូត (Bakhmut) បានទាំងស្រុងហើយ។ ក្រសួងការពារជាតិរុស្ស៉ីវិញបានទទួលស្គាល់ថាទាហាន Wagner ដោយមាន ការគាំទ្រពីកងទ័ពរុស្ស៉ី ពិតជាបានកាន់កាប់ទីក្រុងនេះមែន ខណៈលោក ពូទីន ក៏បានផ្ញើសារអបអរសាទរដល់ទាហាន Wagner ផងដែរ។

បើតាមលោក Prigozhin ទាហានរបស់លោកនឹងដកចេញពីទីក្រុងបាកមូត នៅថ្ងៃទី២៥ ខែឧសភា ដើម្បី​ឱ្យកងទ័ពរុស្ស៉ីចូលមកគ្រប់គ្រងទីក្រុងនេះ។ ប៉ុនែ្តមិនទាន់មាន ការផ្ទៀងផ្ទាត់ការអះអាងរបស់ភាគីរុស្ស៉ីនោះទេ ស្របពេលប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានបញ្ជាក់ថាទីក្រុងបាកមូត មិនទាន់ធ្លាក់ទៅក្នុងដៃកងទ័ពរុស្ស៉ី ទាំងស្រុងនៅឡើយទេ។ លោកឧត្ដមសេនីយ៍ Oleksandr Syrsky មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភាថា កងទ័ពអ៊ុយក្រែនកំពុងព្យាយាមឡោមព័ទ្ធទីក្រុង បាកមូត។ ដូចគ្នាដែរ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Malyar ថែមទាំងបានអះអាងទៀតផងថា កងទ័ពអ៊ុយក្រែន កំពុងមានភាពរីកចម្រើនទៅមុខ នៅតាមតំបន់ជាយទីក្រុង និងបានឡោមព័ទ្ធទីក្រុងបាកមូតបានពាក់កណ្ដាលហើយ។

រុស្ស៉ី និងអ៊ុយក្រែន បានកាប់សម្លាប់គ្នាដើម្បីទីក្រុងបាកមូត អស់រយៈពេលជិត៩ខែ ដោយធ្វើឱ្យទីក្រុងនេះដែលធ្លាប់ជាតំបន់ឧស្សាកម្មស្រាមួយដ៏ល្បី ខ្ទេចខ្ទីគ្មានសល់ រហូតដល់ក្រុមអ្នកវិភាគខ្លះជឿថាទីក្រុងនេះលែងមានតម្លៃជាយុទ្ធសាស្ត្រទៀតហើយ។ ក៏ប៉ុន្តែ ហេតុអ្វីទាំងអ៊ុយក្រែន និងរុស្ស៉ី ប្ដូរផ្ដាច់ខ្លាំងម្ល៉េះដើម្បីទីក្រុងខ្មោច មួយនេះ?

* លែងមានប្រយោជន៍ខាងយុទ្ធសាស្ត្រ?
សម្រាប់រុស្ស៉ី ដើម្បីអាចសម្រួលដល់ការវាយលុកនៅពេលបន្ទាប់លើទាហានអ៊ុយក្រែន និងដើម្បីសម្រេចតាមគោលបំណងរបស់លោក ពូទីន ដែលចង់គ្រប់គ្រង តំបន់ដុនបាស់ទាំងមូល រុស្ស៉ីចាំបាច់ត្រូវតែវាយយកទីក្រុងបាកមូតឱ្យបានជាមុនសិន។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងប្រមុខអង្គការ NATO លោក Jens Stoltenberg រួមទាំងអ្នកវិភាគលោកខាងលិចមួយចំនួន សុទ្ធតែធ្លាប់លើកឡើងថា «សារៈសំខាន់ជាយុទ្ធសាស្ត្រនៃទីក្រុងបាកមូត» បានរលាយបាត់បង់ទៅ ហើយ ដោយសារតែទីក្រុងនេះត្រូវបានបំផ្លាញស្ទើរក្លាយជាផេះ ហើយបើទោះជាភាគីណាមួយគ្រប់គ្រងបានទីក្រុងបាកមូតទាំងមូលក៏ដោយ ក៏ពួកគេនឹងត្រូវប្រឈមមុខ នឹងខែ្សការពារនៅជុំវិញទីក្រុងនេះដដែល។

សម្រាប់អ៊ុយក្រែន ការប្ដូរផ្ដាច់ការពារទីក្រុងបាកមូត គឺជានិមិត្តរូបវីរៈភាពមួយ នៃការប្ដូរផ្ដាច់លះបង់ឈាមស្រស់ដើម្បីការពារទឹកដី និងប្រទេសជាតិ។ រីឯខាងរុស្ស៉ីវិញ គឺ ត្រូវការជ័យជម្នះជាចំាបាច់ដើម្បីលើកទឹកចិត្តកងទ័ព ក្រោយរងការបរាជ័យយ៉ាងអាម៉ាស់ជាបន្តបន្ទាប់នៅក្នុងប្រតិបត្តិការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២២។

ក្រុមអ្នកវិភាគខ្លះជឿថាការកាន់កាប់ទីក្រុងបាកមូត មិនមែនជាការសម្រេចលទ្ធផលចុងក្រោយនៃសង្រ្គាមសព្វថ្ងៃនោះទេ តែប្រសិនបើបាកមូតពិតជាធ្លាក់ក្នុងដៃរុស្ស៉ី ទាំងស្រុងមែន នោះវានឹងផ្ដល់ភាពងាយស្រួលដល់ទាហានរុស្ស៉ី ក្នុងការវាយប្រហារដោយប្រើកាំភ្លើងធំលើទីក្រុងធំ២ផ្សេងទៀតក្នុងតំបន់ដូណេត គឺ Kramatorsk និង Sloviansk ដែលរុស្ស៉ីចិញ្ចឹមចិត្តចង់បានជាយូរមកហើយ។ ទីក្រុងមូស្គូចាំបាច់ត្រូវតែគ្រប់គ្រងទីក្រុងធំទាំង២នេះឱ្យបានដើម្បីសម្រេចបាននូវអ្វីដែលលោក ពូទីន ហៅថា ជាការរំដោះសាធារណរដ្ឋប្រជាមានិតដូណេត នៅក្នុងសង្រ្គាមឈ្លានពានជ្រកក្រោមស្លាក «ប្រតិបត្តិការយោធាពិសេស»។

* តើការបាត់បង់ទីក្រុងបាកមូត មានន័យដូចម្ដេចចំពោះអ៊ុយក្រែន?
នៅក្នុងសុន្ទករថាមួយកាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា នៅឯកិច្ចប្រជុំកំពូល​ G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន លោក ហ្សេលេនស្គី បាននិយាយថាទីក្រុងបាកមូត ត្រូវបានបំផ្លាញទាំងស្រុងបាត់ទៅហើយ ដោយលោកទំនងជាចង់សំដៅថាទោះជារុស្ស៉ីយកបានទីក្រុងនេះ ក៏វាគ្រាន់តែជាជ័យជម្នះយ៉ាងត្រដាបត្រដួសមួយ តែប៉ុណ្ណោះ។

ប៉ុន្តែ ខណៈទីក្រុងបាកមូតត្រូវបានអ្នកខ្លះចាត់ទុកថាជានិមិត្តរូប លែងមានតម្លៃខាងយុទ្ធសាស្ត្រ ការបាត់បង់ទីក្រុងនេះ តិច ឬច្រើន វានឹងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព អ៊ុយក្រែន បន្ទាប់ពីការបង្ហូរឈាមក្នុងសមរភូមរាប់ខែមកនេះ។ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីតួលេខទាហានរុស្ស៉ី និងអ៊យក្រែនដែលបានស្លាប់ ក្នុងសមរភូមិទីក្រុងបាកមូតនោះទេ តែទាំងទីក្រុងមូស្គូ និងកៀវ បានអះអាងរៀងៗខ្លួនថាបានសម្លាប់ទាហានសត្រូវរាប់រយនាក់ក្នុងមួយថ្ងៃៗ។

មួយវិញទៀត ការអះអាងពីការគ្រប់គ្រងទីក្រុងបាកមូតទាំងស្រុងដោយភាគីរុស្ស៉ី កើតមានឡើងនៅចំពេលអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងបើកប្រតិបត្តិការវាយលុក ទ្រង់ទ្រាយធំ ដែលនេះក៏អាចបង្កការព្រួយបារម្ភនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនផងដែរ។ កាលពីខែមីនា លោក ហ្សេលេនស្គី បាននិយាយថាប្រសិនបើទីក្រុង បាកមូតធ្លាក់ទៅក្នុងដៃរុស្ស៉ី នោះវាអាចនឹងជំរុញការអំពាវនាវឱ្យអ៊ុយក្រែនចរចាសន្តិភាពជាមួយរុស្ស៉ីកាន់តែកើនឡើង ឬក៏អាចនឹងបង្ខំឱ្យអ៊ុយក្រែនធ្វើការសម្រុះសម្រួល ណាមួយដែលខ្លួនមិនចង់ធ្វើ។

* តើការយកបានបាកមូត មានន័យដូចម្ដេចចំពោះរុស្ស៉ី?
ការវាយដណ្ដើមបានទីក្រុងបាកមូតទាំងស្រុង អាចនឹងជួយលើកទឹកចិត្តទាហានរុស្ស៉ី ព្រោះវានឹងក្លាយជាជ័យជម្នះនៅលើសមរភូមិលើកដំបូងរបស់ទីក្រុងមូស្គូ ក្នុងរយៈពេលជាង ១០ខែមកនេះ។ ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២២មក សេចក្ដីរាយការណ៍គឺនិយាយតែពីជ័យជម្នះរបស់អ៊ុយក្រែន ជាហូរហែរ ហើយបើទោះជា រុស្ស៉ីខំបើកការវាយប្រហារដោយយន្ដហោះដ្រូន និងបាញ់ស្រោចមីស៊ីល ក្នុងរដូវរងាកន្លងទៅយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចវាយដណ្ដើមបានទឹកដីជាដុំកំភួន នោះដែរ។

លោក ពូទីន បានផ្ញើសារអបអសាទរដល់ទាហានស៊ីឈ្នួល Wagner និងទាហានរុស្ស៉ី នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយ ក្រោយលោក Yevgeny Prigozhin អះអាងពីការវាយដណ្ដើមបានទីក្រុងបាមូតទាំងស្រុង។ នេះអាចបង្ហាញបានថាលោក ពូទីន ចង់ប្រញាប់ប្រកាសពីជ័យជម្នះប្រាប់ប្រជាជនរុស្ស៉ី និងបិទបញ្ចប់ នូវភាពជាប់គាំងជាច្រើនខែមកនេះ។

ជាលក្ខណៈយុទ្ធសាស្ត្រ ជ័យជម្នះក្នុងទីក្រុងបាកមូត អាចនឹងជួយបើកផ្លូវទាហានរុស្ស៉ីឆ្ពោះទៅទិសខាងលិច នោះគឺទីក្រុង Kramatorsk ដែលមានប្រជាជនរស់នៅជាង ១៥០,០០០នាក់ នៅមុនសង្រ្គាមផ្ទុះឡើង។ ប៉ុន្តែ ព្រមពេលជាមួយគ្នា អ៊ុយក្រែនក៏បានបង្កើត និងពង្រឹងខ្សែការពារនៅតាមតំបន់ជុំវិញទីក្រុងបាកមូតរួចហើយដែរ ដូច្នេះ ជ័យជម្នះ ឬបរាជ័យនៅបាកមូត មិនមែនកំណត់ពីលទ្ធផលចុងក្រោយនៃសង្រ្គាមនោះទេ ហើយអ្វីដែលគេត្រូវរង់ចាំអ៊ុតមើល នោះគឺលទ្ធផលនៃប្រតិបត្តិការវាយបក ទ្រង់ទ្រាយធំរបស់អ៊ុយក្រែន៕