(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner បានព្យាយាមលាក់បាំងការស្វែងរកបរិក្ខារយោធាពីបរទេសសម្រាប់ផ្គត់ផ្គង់ នៅក្នុង សង្រ្គាមអ៊ុយក្រែន និងកំពុងសម្លឹងឃើញការប្រើប្រាស់ប្រទេសម៉ាលីជាផ្លូវដឹកជញ្ជូនអាវុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ក្រុមហ៊ុន Wagner ដែលកំពុងដឹកនាំការធ្វើសង្រ្គាមក្រោមការគាំទ្រពីកងទ័ពរុស្ស៉ី នៅអ៊ុយក្រែន មានចេតនាក្លែងបន្លំលិខិតស្នាមក្នុងការដឹកជញ្ជូនបរិក្ខារយោធា ឆ្លងកាត់តាម ប្រទេសម៉ាលី។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មានថា Wagner កំពុងព្យាយាមដឹកជញ្ជូនសម្ភារៈដែលត្រូវបានទិញ សម្រាប់ផ្គង់ផ្គង់ សង្រ្គាមរបស់រុស្ស៉ី ដោយឆ្លងកាត់តាមប្រទេសម៉ាលី និងមានចេតនាក្លែងបន្លំលិខិតស្នាមលើជួញដូរនេះ»។ លោក Matthew Miller បន្ថែមថាក្រុមហ៊ុន Wagner មានបំណង ទិញបរិក្ខារយោធាពីបរទេស ហើយប្រើប្រាស់ប្រទេសម៉ាលីជាភាគីទី៣ និងជាផ្លូវដឹកអាវុធ។

គួរបញ្ជាក់ថា បើតាមលោក Matthew Miller សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពមួយចំនួន នៅទូទាំងទ្វីបជាច្រើន ដែលត្រូវបានរកឃើញថាបាន ជួយគាំទ្រដល់ប្រតិបត្តិការយោធារបស់ Wagner ខណៈទីក្រុងវ៉ាស៊ីនតោន នឹងបញ្ជាក់បន្ថែមជុំវិញការប៉ុនប៉ងប្រើប្រាស់ប្រទេសម៉ាលី ជាផ្លូវដឹកជញ្ជូនអាវុធ ក្នុងពេលឆាប់ៗនេះ៕