(ចូហាន់ណេសបឺគ)៖ ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មេដឹកនាំអាហ្វ្រិកចំនួន ៦រូបបានស្នើឲ្យអ៊ុយក្រែនទទួលយកការបើក កិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី ខណៈក្រុមមន្ត្រីអាហ្វ្រិកខាងត្បូងកំពុងរៀបចំធ្វើទស្សនកិច្ច ទៅកាន់ប្រទេសទាំងពីរដើម្បីលើកកម្ពស់គំនិតនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

មេដឹកនាំទាំង៦រូបនោះរួមមាន មេដឹកនាំមកពីប្រទេសអាហ្វ្រិកខាងត្បូង សេណេហ្កាល់ អេហ្ស៉ីប សំប៊ី សាធារណរដ្ឋកុងហ្គោ និងអ៊ូហ្កង់ដា។ គំនិតផ្តួចផ្តើមឲ្យមានកិច្ចចរចាសន្តិភាព រុស្ស៉ី-អ៊ុយក្រែននេះ ត្រូវបានប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) ប្រកាសកាលពីថ្ងៃទី១៦ ខែឧសភា។ បើតាមអ្នកនាំពាក្យរបស់លោក រ៉ាម៉ាហ្វូសា គំនិតផ្ដួចផ្ដើមសន្តិភាពមានដូចជា ការបញ្ចប់អរិភាព សន្តិភាពយូរអង្វែង ហើយបេសកកម្មសន្តិភាពនឹងត្រូវចាប់ផ្តើមទៅកាន់ទីក្រុងមូស្គូ និងទីក្រុងកៀវ នៅដើមខែមិថុនាខាងមុខ។

គួរបញ្ជាក់ថា អ៊ុយក្រែន ទាមទារឲ្យទាហានរុស្ស៉ីដកខ្លួនចេញពីទឹកដីរបស់ខ្លួន មុនពេលកិច្ចចរចាចាប់ផ្តើម ខណៈដែលទីក្រុងមូស្គូចង់ឲ្យទីក្រុងកៀវ ទទួលស្គាល់អធិបតេយ្យរុស្ស៉ី លើតំបន់គ្រីមៀ ដែលខ្លួនបានកាត់បញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ជាលក្ខខណ្ឌជាមុនសម្រាប់ការចរចា៕