(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ បណ្តាប្រទេសនៅតំបន់អាហ្រ្វិកក្នុងសប្តាហ៍នេះ ដែលជាការបង្កើនការជំរុញផ្នែកការទូតរបស់ខ្លួន ចំពេលមានសង្រ្គាម ដើម្បីប្រជែងនឹងឥទ្ធិពលរបស់រុស្ស៉ីនៅឯ «តំបន់លោកខាងត្បូង» ក៏ដូចជាដើម្បីពង្រឹងចក្ខុវិស័យ ដែលដាក់ចេញដោយអ៊ុយក្រែន ថាជាផ្លូវតែមួយគត់ ដើម្បីសម្រេចបានសន្តិភាព។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

លោក គូឡេបា និយាយថា អាទិភាពចម្បងរបស់លោក គឺធ្វើឲ្យប្រទេសអាហ្វ្រិកគាំទ្រផែនការសន្តិភាពរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុក ក្នុងដំណើរទស្សនកិច្ចលើកទី២នៅតំបន់អាហ្រ្វិក ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៉ី។ លោក គូឡេបា ចង់បានការគាំទ្រលើការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅដោយគ្មានការរំខាន និងធានាបាននូវការបើកផ្លូវថ្មីសម្រាប់អាជីវកម្មរបស់អ៊ុយក្រែន។

ដំណើរទស្សនកិច្ចនេះធ្វើឡើង ៣ថ្ងៃ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី នៅតំបន់អារ៉ាប់ ក៏ដូចជាកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសជប៉ុន។ អ្នកវិភាគនយោបាយយល់ថា អ៊ុយក្រែនកំពុងពន្លឿនការជំរុញរបស់ខ្លួនទៅកាន់លោកខាងត្បូង ដែលជាពាក្យសំដៅដល់តំបន់អាមេរិកឡាទីន អាហ្វ្រិក និងប្រទេសជាច្រើនក្នុងតំបន់អាស៊ី ហើយកិច្ចខិតខំប្រឹងប្រែងនេះ ទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំង៕

គួរបញ្ជាក់ថា ប្រទេសចិនដែលបានលើកឡើងពីផែនការសន្តិភាពរបស់ខ្លួន បានបញ្ជូនបេសកជនកំពូលមួយរូបទៅកាន់ទីក្រុងកៀវ ទីក្រុងមូស្គូ និងរដ្ឋធានីនៃប្រទេសអឺរ៉ុបមួយចំនួនទៀត ដើម្បីពិភាក្សាអំពីដំណោះស្រាយនយោបាយក្នុងខែឧសភា នេះ។ ចំណែក អាហ្រ្វិកខាងត្បូង កាលពីសប្តាហ៍មុនបានឲ្យដឹងថាទីក្រុងកៀវ និងទីក្រុងមូស្គូបានព្រមព្រៀងគ្នា ដើម្បីពិភាក្សាអំពី ផែនការសន្តិភាពជាមួយមេដឹកនាំអាហ្វ្រិក។ ដោយឡែក បុរីវ៉ាទីកង់ក៏បានចេញបេសកកម្មសន្តិភាព នៅក្នុងខែឧសភានេះផងដែរ៕