(មូស្គូ)៖ អភិបាលតំបន់បាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ពីលើតំបន់ Belgorod របស់ប្រទេសរុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣។

អភិបាលតំបន់ លោក Vyacheslav Gladkov បាននិយាយនៅក្នុងសារបង្ហោះនៅលើ Telegram ថា យោងទៅតាមទិន្នន័យបឋម មិនមានជនរងគ្រោះទេ ហើយផលវិបាកនៅលើដីកំពុងត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់។​ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើយន្តហោះដ្រូននោះ ត្រូវបានបាញ់បង្ហោះដោយអ៊ុយក្រែនឬយ៉ាងណានោះទេ។

លោកបាននិយាយថា ស្រុក Grayvoron និងស្រុក Borisov ក្នុងតំបន់ Belgorod ត្រូវបានទទួលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបណ្តាលឱ្យខូចខាតដល់អគារលំនៅដ្ឋានឯកជនជាច្រើន។

តំបន់ Belgorod ដែលស្ថិតនៅជាប់នឹងតំបន់ Kharkiv របស់អ៊ុយក្រែន នាពេលថ្មីៗនេះ បានក្លាយជាចំណុចកណ្តាលនៃអរិភាព។

ភាគីរុស្ស៊ីបាននិយាយថា កាលពីថ្ងៃចន្ទ ក្រុមបំផ្លិចបំផ្លាញ និងឈ្លបយកការណ៍នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយលុកតំបន់ Belgorod ។ ប៉ុន្តែទី​ក្រុង​កៀវបាន​បដិសេធ ដោយអះអាងថាមានក្រុម​ទាហាន​រុស្ស៊ី​ពីរ​ក្រុម​នៅ​ពីក្រោយ​ប្រតិបត្តិការ​ក្នុង​តំបន់នេះ៕