(ហ៊្សកថោន)៖ ប៉ូលិសនៅក្នុងប្រទេសហ្គីយ៉ាន (Guyana) នៅឯតំបន់អាមេរិកខាងត្បូង នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់សិស្ស នៅឯសាលារៀនមួយដែលបានផ្តាច់ជីវិតក្មេងៗចំនួន១៩នាក់ គឺបង្កឡើងដោយសិស្សស្រីម្នាក់ បន្ទាប់ពីអ្នកមើលការខុសត្រូវក្នុងសាលាបានរឹបអូសទូរស័ព្ទដៃរបស់នាង។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសហ្គីយ៉ាន លោក Gerald Gouveia បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​ AP ថាក្មេងស្រីជាជនសង្ស័យខាងលើមានការខឹងសម្បារដោយសារតែ ទូរស័ព្ទដៃរបស់នាងត្រូវបានរឹបអូស ក្រោយខាងសាលារកឃើញថារូបនាងមានទំនាក់ទំនងផ្លូវភេទជាមួយបុរសចំណាស់ម្នាក់។ លោក Gouveia បន្ថែមថាក្មេងស្រីរូបនេះដែលមាន អាយុក្រោម ១៦ឆ្នាំ បានដុតភ្លើងនៅក្នុងបន្ទប់ទឹកនៃកន្លែងស្នាក់នៅរបស់សិស្សស្រីៗ នៃសាលាវិទ្យាល័យម៉ាឌីយ៉ា (Mahdia) ដែលស្ថិតក្នុងទីក្រុងម៉ាឌីយ៉ា។ ចំណែក ខាងមន្ត្រីសុខាភិបាលហ្គីយ៉ាន់ ក៏បានទទួលស្គាល់ដែរថាជនសង្ស័យកំពុងសម្រាកព្យាបាលដោយសាររលាកភ្លើង នៅឯមន្ទីរពេទ្យ ហើយត្រូវបានរំពឹងថាអាចនឹងត្រូវបញ្ជូនទៅកាន់ មណ្ឌលកែប្រែសម្រាប់អនីតិជន។ ចំណែក បុរសចំណាស់ម្នាក់នោះអាចនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន។

គួរបញ្ជាក់ថា អគ្គីភ័យដែលបានឆាបឆេះកន្លែងស្នាក់នៅរបស់សិស្ស នៅក្នុងប្រទេសហ្គីយ៉ាន កាលពីយប់ថ្ងៃអាទិត្យ គឺជាមហន្តរាយសម្លាប់ជីវិតមនុស្សច្រើនបំផុតមួយសម្រាប់ ប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ​ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មនុស្ស៩នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយក្នុងចំណោមពួកគេជាច្រើននាក់ រងរបួសធ្ងន់ធ្ងរ៕