(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារសប្ដាហ៍នេះបានធានាពីការផ្ទេរអំណាចដោយសន្តិវិធីពីរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក ទៅឱ្យរដ្ឋាភិបាលថ្មី ខណៈវិធានការជាច្រើនកំពុងត្រូវបានអនុវត្ត ដើម្បីការពារសេដ្ឋកិច្ចជាតិ អំឡុងនីតិវិធីផ្ទេរអំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ប្រាយុទ្ធ បានគូសបញ្ជាក់ដូច្នេះថា «ខណៈប្រទេសនឹងត្រូវឆ្ពោះទៅមុខ យើងនឹងបន្តធ្វើការដើម្បីការពារប្រជាជន ខណៈ រង់ចាំរដ្ឋាភិបាលថ្មីឡើងមកកាន់អំណាច»។ លោក ប្រាយុទ្ធ ក៏បានជំរុញផងដែរឱ្យគ្រប់ភាគីទាំងអស់កុំឱ្យបង្កើតសេណារីយ៉ូបំភិតបំភ័យពីស្ថានការណ៍នយោបាយ ដែលអាចធ្វើឱ្យប្រជាជនផ្ទុះកំហឹង។ «សូមកុំបង្កើតបញ្ហាបន្ថែម។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនមានបញ្ហាអ្វីនោះទេជាមួយគ្រប់ភាគីទាំងអស់ ហើយខ្ញុំគោរពតាមនីតិវិធី ប្រជាធិបតេយ្យដែលកំពុងដំណើរការ»។ នេះជាការអះអាងបន្ថែមរបស់លោក ប្រាយុទ្ធ។

គួរបញ្ជាក់ថា គណបក្ស Move Forward របស់លោក Pita Limjaroenrat បាន និងកំពុងស្វែងរកការគាំទ្រដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយមានលោក Pita ជានាយករដ្ឋមន្ត្រី។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវតែប្រមូលឱ្យបាននូវសំឡេងគាំទ្រ ៣៧៦ ពីរដ្ឋសភា និងព្រឹទ្ធសភាដែលអាចនឹងបើក សម័យប្រជុំនៅខែកក្កដាខាងមុខ។ ប៉ុន្តែ មកទល់នឹងពេលនេះ សមាជិកព្រឹទ្ធសភាដែលជាសុទ្ធសឹងតែត្រូវបានតែងតាំងដោយយោធាថៃ មិនទាន់សម្រេចចិត្តថាតើ ពួកគេនឹងបោះឆ្នោតគាំទ្រលោក Pita ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ឬក៏យ៉ាងណា៕