(មីនស្ក៍)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស បានរាយការណ៍ថា លោកប្រធានាធិបតី អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បានបង្ហាញខ្លួនជាសាធារណៈ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបានច្រានចោលការលើកឡើងដែលថាលោកធ្លាក់ខ្លួនឈឺធ្ងន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

មេដឹកនាំជើងចាស់អាយុ ៦៨ឆ្នាំរូបនេះ គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។ ពាក្យចចាមអារ៉ាមអំពីស្ថានភាពសុខភាពរបស់លោក បានសាយភាយ ចាប់តាំងពីលោកបានបង្ហាញខ្លួននៅឯពិធីក្បួនដង្ហែរយោធា ក្នុងទីក្រុងមូស្គូកាលពីថ្ងៃទី៩ ខែឧសភា ដោយមើលទៅអស់កម្លាំង និងល្ហិតល្ហៃ។

ក្នុងសំឡេងស្អក លោក លូកាសិនកូ បានប្រាប់កិច្ចប្រជុំស្តីពីបញ្ហាសុខភាពថា លោកបានឆ្លងមេរោគដែលស្រដៀងនឹងផ្តាសាយ ហើយត្រូវការសម្រាក។ លោក លូកាសិនកូ បានគូសបញ្ជាក់ថា «ប្រសិនបើនរណាម្នាក់គិតថាខ្ញុំនឹងស្លាប់ សូមឈប់គិតទៅ វាចំណាយពេលត្រឹមតែ ៣ថ្ងៃដើម្បីជាសះស្បើយពីមេរោគបែបនេះ។ ខ្ញុំនឹងមិនស្លាប់ទេ»

គួរបញ្ជាក់ថា លោក លូកាសិនកូ ដែលបានគ្រប់គ្រងប្រទេសបេឡារុស ចាប់តាំងពីឆ្នាំ១៩៩៤មកនោះ បានអនុញ្ញាតឲ្យកងកម្លាំងរុស្ស៉ីប្រើប្រាស់ទឹកដីបេឡារុស ជាកន្លែង បើកការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២៕