(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ដោយមានគោលដៅលើបុគ្គលិកផ្នែក ព័ត៌មានវិទ្យា (IT) រាប់ពាន់នាក់ ដែលភាគច្រើនកំពុងបម្រើការក្នុងប្រទេសចិន និងរុស្ស៉ី ដើម្បីជួយរកថវិកាគាំទ្រដល់កម្មវិធីផលិតអាវុធប្រល័យលោក និងកម្មវិធីមីស៉ីល របស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានឲ្យដឹងថា បុគ្គលម្នាក់ឈ្មោះ គីម សាងមែន (Kim Sang Man) និងក្រុមហ៊ុនសហប្រតិបត្តិការព័ត៌មានវិទ្យា ឈីនយ៉ុង (Chinyong) មានមូលដ្ឋាននៅឯកូរ៉េខាងជើង ត្រូវបានដាក់ទណ្ឌកម្មរួមគ្នាដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទាក់ទងនឹងសកម្មភាពរបស់បុគ្គលិក IT នៃក្រុមហ៊ុនរបស់ពួកគេ។ ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានប្រកាសនូវការដាក់ទណ្ឌកម្មថ្មីលើបុគ្គលចំនួន ៧នាក់ និងអង្គភាពចំនួន ៣ ផងដែរដែលក្នុងនោះរួមទាំងមានលោក គីម សាងមែន និងក្រុមហ៊ុនឈីនយ៉ុងនេះដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងហិរញ្ញវត្ថុអាមេរិក កូរ៉េខាងជើង គ្រប់គ្រងបុគ្គលិក IT រាប់ពាន់នាក់នៅជុំវិញពិភពលោក ដែលមានទីតាំងជាចម្បងនៅក្នុងប្រទេសចិន និងរុស្ស៉ី ដោយរកប្រាក់ចំណូលមករួមចំណែក ដល់កម្មវិធីផលិតអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងខុសច្បាប់។ ក្រុមទាំងនោះរស់នៅលាក់អត្តសញ្ញាណ ទីតាំង និងសញ្ជាតិ ហើយប្រើប្រាស់ឯកសារក្លែងបន្លំដើម្បីដាក់ពាក្យធ្វើការងារ៕