(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលប៉ាគីស្ថានកំពុងពិចារណាដាក់បម្រាមលើ គណបក្ស​នយោបាយរបស់អតីតនាយករដ្ឋមន្រ្តី លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) សម្រាប់ការវាយប្រហារមកលើរដ្ឋអំណាច ខណៈទង្វើនេះ​អាចនឹងដុតបញ្ឆេះកំហឹងក្រុមអ្នកគាំទ្ររបស់លោក ខាន់ បន្ថែមទៀត ហើយបង្កើនការប្រឈមមុខគ្នារបស់លោក ជាមួយនិងយោធារបស់ប្រទេស​អាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣។

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះ កំពុងជាប់ផុងក្នុងដំណាក់កាលថ្មីចុងក្រោយ នៃការប្រកួតប្រជែងដែលមានអាយុកាលរាប់ទសវត្សរ៍​មកហើយ រវាងអ្នកនយោបាយស៉ីវិល ហើយនិងយោធាដ៏មានឥទ្ធិពល ដែលក្នុងប្រវត្តិសាស្រ្តប៉ាគីស្ថាន គឺជាអ្នកកាន់អំណាចដោយផ្ទាល់ ឬគ្រប់គ្រងប្រទេសនៅក្រោយខ្នងរដ្ឋាភិបាលស៉ីវិល។ ការប្រឈមមុខគ្នា បានបង្កឱ្យមានការផ្ទុះបាតុកម្ម នៅទូទាំងប្រទេសធ្វើឡើងដោយ​ក្រុមអ្នកគាំទ្របស់លោក ខាន់ ជាហេតុនាំឱ្យមានក្តីបារម្ភថ្មី ជុំវិញស្ថិរភាពនៃប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះ ដែលកំពុងតែប្រឈមនឹង​វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរស្រាប់។

រដ្ឋមន្រ្តីការពារជាតិប៉ាគីស្ថាន លោក ខាវ៉ាយ៉ា អាស៉ីហ្វ (Khawaja Asif) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា គណបក្ស PTI របស់លោក អ៉ីមរ៉ាន់ ខាន់ បានវាយប្រហារចំពោះមូលដ្ឋានគ្រឹះចម្បងបំផុតនៃភាពជាប្រទេស ដែលជាទង្វើមិនអាចលើកលែងឱ្យបាន​ជាដាច់ខាត។ លោកបាននិយាយថា ការដាក់បម្រាមហាមឃាត់លើគណបក្សនេះ កំពុងស្ថិតក្រោមការពិចារណា ប៉ុន្តែលោកបានបន្ថែមថា សភានឹងជាអ្នកដែលត្រូវផ្តល់ការអនុម័តយល់ព្រមចុងក្រោយ សម្រាប់ការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាល ក្នុងការដាក់បម្រាមលើគណបក្ស PTI។

គួរបញ្ជាក់ថា លោក អាស៉ីហ្វ ចង់សំដៅលើការដែលក្រុមអ្នកគាំទ្ររបស់លោក ខាន់ បាននាំគ្នាធ្វើបាតុកម្មយ៉ាងហិង្សាក្នុងខែឧសភានេះ ដោយ​ពួកគេបានវាយប្រហារលើ មូលដ្ឋានយោធា រួមមានទាំងទីស្នាក់ការកណ្តាលរបស់កងទ័ព ហើយនិងអគាររដ្ឋាភិបាលផ្សេងៗទៀត។ ការតវ៉ា​បានផ្ទុះឡើង ដើម្បីជាឆ្លើយតបទៅនឹងការចាប់ខ្លួនលោក ខាន់ កាលពីថ្ងៃទី៩ ខែឧសភា ពាក់ព័ន្ធការចោទប្រកាន់ករណីពុករលួយ។ ក្រោយមក លោកក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ខាន់ ត្រូវបានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ សួរចម្លើយ​អស់រយៈពេល៣ម៉ោង៕