(វ៉ាស៊ីនតោន)៖ អ្នកនាង គីម យ៉ូជុង ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីពេលថ្មីៗនេះបានធ្វើការព្រមានមួយស្ដីពីផែនការរបស់ទីក្រុង ព្យុងយ៉ាង សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយចង់សំដៅលើការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ ដើម្បីរារាំងកុំឱ្យសង្រ្គាមផ្ទុះឡើង ដែលអ្នកនាងផ្ទាល់ហៅថា «បេសកកម្មទី២»។ បេសកកម្មទី២ មិនត្រូវបានអ្នកនាងគីម យ៉ូជុង បញ្ជាក់ឱ្យច្បាស់ថាជាអ្វីនោះទេ។ ប៉ុន្តែការព្រមានរបស់អ្នកនាង កើតមានឡើងបន្ទាប់ពីលោក ចូ បៃដិន និងលោក យូន ស៊ុកយុល បានចេញផ្សាយសេចក្ដីប្រកាសរួមមួយដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារកូរ៉េខាងត្បូង នៅក្រោមឆត្រនុយក្លេអ៊ែរ។

ជាការពិតណាស់ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មានការរីកចម្រើនជាលំដាប់ជាមួយការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប អាវុធនុយក្លេអ៊ែរតាក់ទិក និងការធ្វើ ពិពិធកម្មប្រព័ន្ធអាវុធ ដែលទាំងនេះកំពុងជួយបង្កើនសមត្ថភាព «សម្លុតគំរាម» របស់ទីក្រុងព្យុងយ៉ាង។ បើតាមក្រុមអ្នកវិភាគ តាមរយៈការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធ នុយក្លេអ៊ែរ កូរ៉េខាងជើងមានគោលដៅបំបែកបំបាក់សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយធ្វើឱ្យទីក្រុងសេអ៊ូលសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់អាមេរិក ថាតើហ៊ានលះបង់ទីក្រុងបូស្ដុន ដើម្បីការពារទីក្រុងប៊ូសាន ដែរឬក៏យ៉ាងណា? សម្រាប់កូរ៉េខាងជើង អាវុធនុយក្លេអ៊ែរតាក់ទិកនឹងធានាថាកូរ៉េខាងជើងមានគុណប្រយោជន៍ ច្រើនជាងកូរ៉េខាងត្បូងនៅក្នុងសង្រ្គាម ហើយមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM អាចកំញើញសហរដ្ឋអាមេរិកឱ្យឈរនៅម្ខាង។ និយាយជារួម កូរ៉េខាងជើងចង់សម្លុត កូរ៉េខាងត្បូងឱ្យចុះញ៉ម។

ក៏ប៉ុន្តែ វាមិនប្រាកដនោះទេថាកូរ៉េខាងត្បូង អាចនឹងចុះញ៉មនឹងកូរ៉េខាងជើង បើទោះបីជាស្ថិតនៅក្នុងសេណារីយ៉ូដែលទីក្រុងសេអ៊ូលត្រូវបានអាមេរិក បោះបង់ចោល ឬក៏ ដោយសារតែមិនមានអាវុធនុយក្លេអ៊ែរ ក៏ដោយ។ ជាធម្មតា អ្នកចង់សម្លុតគំរាមឱ្យគេខ្លាច ខ្លួនឯងត្រូវតែមានសមត្ថភាពពិតប្រាកដធ្វើឱ្យគេខ្លាច។ ត្រង់ចំណុចនេះ ទោះជា សមត្ថភាពឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រីកចម្រើនក៏ពិតមែន តែសមត្ថភាពបំផ្លិចបំផ្លាញគឺវាមិនដូចគ្នាទៅនឹងសមត្ថភាពសម្លុតគំរាមឡើយ ខណៈសមត្ថភាពយោធា កូរ៉េខាងត្បូងក៏មិនធម្មតានោះដែរ។ ជាឧទាហរណ៍ កូរ៉េខាងជើង ជារឿយៗតែងតែស្នើឱ្យកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ភ្ជាប់ជាមួយ ការព្រមានពីគ្រោះមហន្តរាយមិនធ្លាប់មានពីមុនមក។ តែសេអ៊ូល និងវ៉ាស៊ីនតោន នៅតែបន្តធ្វើសមយុទ្ធយោធារួមគ្នាដដែល។ ដូច្នេះបើកូរ៉េខាងត្បូង មិនបានចាញ់សម្លុតគំរាម ពីកូរ៉េខាងជើងផង តើវាអាចទៅរួចទេដែលកូរ៉េខាងត្បូងនឹងចុះចាញ់កូរ៉េខាងជើង ដោយមិនតដៃអ្វីសោះ?

ម្យ៉ាងវិញទៀត បើសង្រ្គាមផ្ទុះឡើង កូរ៉េខាងជើង រួមទាំងរបបដឹកនាំលោក គីម ជុងអ៊ុន ក៏មិនប្រាកដថានឹងរួចខ្លួននោះដែរ។ កូរ៉េខាងជើងមានសមត្ថភាពបើកការវាយប្រហារ ដោយផ្ទាល់លើទីក្រុងសេអ៊ូល ដោយប្រើប្រាស់កាំភ្លើងធំ និងអាវុធនុយក្លេអ៊ែរតាក់ទិកស៊េរីថ្មីរបស់ខ្លួន។ តែកូរ៉េខាងជើង ក៏មិនអាចរួចខ្លួនពីការសងសឹកពីសំណាក់កូរ៉េខាងត្បូង នោះដែរ។ ប្រព័ន្ធការពារអ័ក្ស៣ ឬ Three-Axis System ត្រូវបានបង្កើតឡើងក្នុងគោលដៅធានាឱ្យបានថានៅពេលសង្រ្គាមផ្ទុះឡើង របបដឹកនាំកូរ៉េខាងជើង នឹងមិនរួចខ្លួន ទៅដោយទទេនោះទេ។

និយាយពីសមត្ថភាពនុយក្លេអ៊ែរ វាអាចនឹងពិបាកប៉ាន់ស្មាន តែបើនិយាយពីសង្រ្គាមដោយប្រើអាវុធទូទៅធម្មតាវិញ កូរ៉េខាងត្បូងពិតណាស់អាចទប់ស្កាត់ការឈ្លានពានពី កូរ៉េខាងជើង ដោយមិនចាំបាច់មានអន្តរាគមន៍ពីសហរដ្ឋអាមេរិក។ ទីក្រុងសេអ៊ូល ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះបានប្រឹងប្រែងអភិវឌ្ឍសមត្ថភាពយោធាយ៉ាងខ្លាំង ហើយ បច្ចុប្បន្នក៏បានក្លាយទៅជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយផងដែរ។ សហរដ្ឋអាមេរិក ថ្វីបើជំទាស់មិនឱ្យកូរ៉េខាងត្បូងផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរក៏ដោយ តែទីក្រុង វ៉ាស៊ីនតោន បានផ្ដល់ការគាំទ្រយ៉ាងសម្បើមដល់ទីក្រុងសេអ៊ូល លើការពង្រឹងសមត្ថភាពមីស៊ីល និងស៊ើបការណ៍សម្ងាត់ ហើយកូរ៉េខាងជើងវិញក៏មិនមានសមត្ថភាព ១០០ ភាគរយអាចការពារខ្លួនពីការវាយប្រហារសងសឹកពីកូរ៉េខាងត្បូង បាននោះទេ។

គួរបញ្ជាក់ថា ការបង្កើនការអភិវឌ្ឍ និងការធ្វើពិពិធកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ បានបង្ហាញថាកូរ៉េខាងជើង ដឹងនៅក្នុងចិត្តយ៉ាងច្បាស់ថាខ្លួនចាញ់ប្រៀបកូរ៉េខាងត្បូង ខាងអាវុធទូទៅធម្មតា ហើយអាវុធនុយក្លេអ៊ែរគឺជាមធ្យោបាយតែមួយគត់ ដើម្បីអាចរក្សាតុល្យភាពយោធាស៊ីសងគ្នាបាន។ បានន័យថាវាជារឿងសមហេតុផលសម្រាប់ កូរ៉េខាងជើង ក្នុងការពង្រឹងសមត្ថភាពឃ្លាំងអាវុធនុយក្លេអ៊ែរ ដរាបណាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែពង្រឹងអំណាចយោធារបស់ខ្លួន។ ដូច្នេះ ការព្រមានរបស់ អ្នកនាង គីម យ៉ូជុង ពី «បេសកកម្មទី២» វាមិនមែនជាបញ្ហាចោទទេ បើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអាចគំរាមកំហែងដល់អាយុជីវិតនយោបាយនៃរបបដឹកនាំ លោក គីម ជុងអ៊ុន៕