(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធសប្ដាហ៍នេះបានជំរុញឱ្យអ៉ីរ៉ង់ពិចារណាឡើងវិញចំពោះការផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ី ដើម្បីកុំឱ្យជាប់ឈ្មោះអាក្រក់នៅក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

យន្ដហោះដ្រូនអត្តឃាត សាហ៉ីដ (Shahed) ដែលអ៉ីរ៉ង់បញ្ជូនឱ្យរុស្ស៉ី បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការវាយប្រហាររបស់រុស្ស៉ីលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសអ៊ុយក្រែន។ ថ្លែងនៅក្នុងវីដេអូមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «មានសំណួរដ៏សាមញ្ញមួយ៖ តើអ្វីទៅជាប្រយោជន៍របស់អ្នក (អ៉ីរ៉ង់) ក្នុងការសមគំនិតក្នុងអំពើឃោរឃៅរបស់រុស្ស៉ី? ហើយអ្វីទៅជាផលចំណេញសម្រាប់អ៉ីរ៉ង់ នៃការសម្លាប់រង្គាលរបៀបនេះ? រុស្ស៉ីជាអ្នកប្រព្រឹត្ត ប៉ុន្តែដោយ ប្រើអាវុធរបស់អ្នក...ដ្រូនសាហ៉ីដ ដែលកំពុងគំរាមកំហែងអ៊ុយក្រែនជារៀងរាល់យប់»

គួរបញ្ជាក់ថា រុស្ស៉ី បានបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយអ៉ីរ៉ង់ ចាប់តាំងពីទីក្រុងមូស្គូ បើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ អ៉ីរ៉ង់ ធ្លាប់បានបដិសេធថាមិនបានផ្គត់ផ្គង់យន្ដហោះដ្រូនឱ្យរុស្ស៉ីឡើយ តែក្រោយមកបានទទួលស្គាល់ថាខ្លួនបានផ្ដល់យន្ដហោះដ្រូនមួយចំនួនតូចឱ្យរុស្ស៉ី តាំងតែពីមុន ពេលសង្រ្គាមផ្ទុះឡើងមកម្ល៉េះ៕