(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner របស់រុស្ស៉ី លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បាននិយាយថា ទាហានរបស់លោកប្រហែល ២០,០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនខែ ដើម្បីគ្រប់គ្រងទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

លោក ព្រីហ្គោហ្ស៉ីន បានឲ្យដឹងថា លោកបានជ្រើសរើសអ្នកទោសប្រហែល ៥០,០០០នាក់ ឲ្យចូលរួមប្រយុទ្ធជាមួយក្រុម Wagner នៅក្នុងសង្គ្រាមរបស់រុស្ស៉ីនៅ អ៊ុយក្រែន ហើយប្រហែល ២០ភាគរយនៃពួកគេត្រូវបានសម្លាប់។ លោក ព្រីហ្គោហ្ស៉ីន ក៏បានប្រាប់អ្នកយុទ្ធសាស្ត្រនយោបាយរុស្ស៉ី លោក កូស្តង់ទីន ដូលហ្គូវ (Konstantin Dolgov) ក្នុងកិច្ចសម្ភាស៍មួយកាលពីថ្ងៃពុធសប្តាហ៍នេះថា តួលេខនៃទាហានជាប់កិច្ចសន្យាក្នុងចំនួនស្រដៀងគ្នានេះ ក៏បានស្លាប់នៅក្នុង ការប្រយុទ្ធដើម្បីទីក្រុងនេះផងដែរ។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុនក្រុម Wagner និងយោធារុស្ស៉ីបានអះអាងពីការដណ្តើមបានទីក្រុងបាកមូត ជាមួយនិងការអបអរសាទរពីសំណាក់ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌី​មៀ ពូទីន។ ប៉ុន្តែភាគីអ៊ុយក្រែនបន្តអះអាងថា កងកម្លាំងរបស់ខ្លួននៅតែបន្តប្រយុទ្ធដើម្បីទីក្រុងនេះ៕