(អូស្លូ)៖ រដ្ឋមន្ត្រីការពារជាតិន័រវែស លោក ប្យូអ័ន អារីល ហ្រ្កាំ (Bjoern Arild Gram) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសន័រវែសនឹងគាំទ្រកម្មវិធីបណ្តុះបណ្តាល សម្រាប់ពីឡុតអ៊ុយក្រែន ឲ្យចេះប្រើប្រាស់យន្តហោះចម្បាំង F-16។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

លោក ហ្រ្កាំ បានគូសបញ្ជាក់ថា «រដ្ឋាភិបាលរបស់យើងគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយកំពុងពិចារណាពីរបៀបដែលន័រវែស អាចរួមចំណែកជាមួយសម្ព័ន្ធមិត្ត និងដៃគូនានា»។ ប៉ុន្តែ លោករដ្ឋមន្ត្រី បានប្រាប់ទូរទស្សន៍ន័រវែស ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយទៀត ថារដ្ឋាភិបាលន័រវែសនៅមិនទាន់សម្រេចថាតើនឹងត្រូវផ្តល់យន្តហោះ F-16 ឲ្យដល់អ៊ុយក្រែន ឬយ៉ាងណា។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានគាំទ្រឲ្យមានកម្មវិធីបណ្តុះបណ្តាលដល់ក្រុមពីឡុតអ៊ុយក្រែន ឲ្យចេះប្រើប្រាស់យន្តហោះចម្បាំង F-16 ហើយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធានាចំពោះ លោក បៃដិន ថាយន្តហោះនេះនឹងមិនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៉ីនោះទេ៕