(ប៊ែន)៖ រដ្ឋាភិបាលស្វីស កាលពីថ្ងៃពុធសប្តាហ៍នេះ បានគាំទ្រការបញ្ចេញរថក្រោះប្រយុទ្ធ Leopard 2 ចំនួន ២៥គ្រឿង ក្នុងគោលបំណងលក់ត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញ ដែលជាជំហានមួយដែលអាចអនុញ្ញាតឲ្យបណ្តាប្រទេសលោកខាងលិច បញ្ជូនជំនួយយោធាបន្ថែមទៀតទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

បច្ចុប្បន្ន យោធាស្វីសមានរថក្រោះ Leopard 2 កំពុងប្រើប្រាស់ចំនួន ១៣៤គ្រឿង និង ៩៦គ្រឿងបន្ថែមទៀតនៅក្នុងឃ្លាំងស្តុក។ កាលពីខែកុម្ភៈ អាល្លឺម៉ង់បានស្នើសុំឲ្យស្វីសលក់ រថក្រោះមួយចំនួន ត្រឡប់ទៅឲ្យក្រុមហ៊ុនផលិតអាវុធ Rheinmetall ដើម្បីឲ្យក្រុមហ៊ុននេះអាចបំពេញស្តុកវុធរបស់សហភាពអឺរ៉ុប និងសមាជិកណាតូឡើងវិញ។ អាល្លឺម៉ង់ ប៉ូឡូញ ព័រទុយហ្គាល់ ហ្វាំងឡង់ និងស៊ុយអែត ស្ថិតក្នុងចំណោមប្រទេសដែលបានបញ្ជូនរថក្រោះ Leopard ដើម្បីជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៉ី ដែលធ្វើឲ្យក្នុងឃ្លាំងអាវុធរបស់ខ្លួនថយចុះ។

គួរបញ្ជាក់ថា បញ្ហានេះមានភាពរសើបសម្រាប់អាជ្ញាធរស្វ៉ីស ផ្អែកលើច្បាប់អព្យាក្រឹតភាពរបស់ខ្លួន និងការដាក់ទណ្ឌកម្មអាវុធដាច់ដោយឡែក ស្វីសត្រូវបានហាមឃាត់មិនឲ្យបញ្ជូន អាវុធដោយផ្ទាល់ទៅកាន់អ៊ុយក្រែននោះទេ។ ទីក្រុងប៊ែន ធ្លាប់បានរារាំងសំណើពីអាល្លឺម៉ង់ អេស្ប៉ាញ និងដាណឺម៉ាក លើការបញ្ជូនអាវុធដែលផលិតដោយស្វីសទៅអ៊ុយក្រែន ដែលនេះកំពុងនាំឲ្យមានការបែកបាក់កាន់តែខ្លាំងឡើងនៅក្នុងប្រទេសស្វ៉ីស ក្នុងចំណោមសាធារណមតិដែលគាំទ្រអ៊ុយក្រែន និងនយោបាយដាក់សម្ពាធលើរដ្ឋាភិបាល ឲ្យបញ្ចប់ការហាមឃាត់ការនាំចេញអាវុធស្វីសទៅកាន់តំបន់សង្រ្គាម៕