(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធនេះ សេតវិមានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចជ្រើសរើស មេកងទ័ពអាកាស លោក ឆាល ឃ្យូ ប្រោន (Charles Q. Brown) ឱ្យឡើងកាន់តួនាទីជា មន្រ្តីយោធាកំពូលថ្មីនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

សេតវិមានឱ្យនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតី បៃដិន នឹងប្រកាសជាផ្លូវការពីការជ្រើសតាំង លោកឧត្តមសេនីយ៍ ឆាល ឃ្យូ ប្រោន​ ជូនៀ (Q. Brown, Jr) ដែលជានាយសេនាធិការកងទ័ពអាកាសអាមេរិក ឱ្យឡើងកាន់តួនាទីជាប្រធាននាយសេនាធិការចម្រុះនៃ​យោធារបស់សហរដ្ឋអាមេរិក ដែលជាតំណែងមេទ័ពកំពូល នៅក្នុងជួរយោធាអាមេរិក។ លោក ប្រោន គឺជាឧត្តមសេនីយមួយរូប ដែលពោរពេញ​ដោយបទពិសោធន៍ ប៉ុន្តែបទពិសោធន៍ដ៏សំខាន់បំផុតមួយរបស់លោក គឺក្នុងនាមជាមេបញ្ជាការកងទ័ពអាកាសអាមេរិក នៅតំបន់ប៉ាស៉ីហ្វិក កាលពីចន្លោះឆ្នាំ២០១៨-២០២០ ខណៈវាគឺជាទីកន្លែងដែលទីក្រុងវ៉ាស៉ីនតោន កំពុងខ្នះខ្នែងព្យាយាមប្រជែងឥទ្ធិពលជាមួយប្រទេសចិន។

គួរបញ្ជាក់ថា មុនអាចឡើងកាន់តំណែងបាន លោក ប្រោន ចាំបាច់ត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភាអាមេរិកសិន។ បច្ចុប្បន្ន បុគ្គលដែល​កំពុងកាន់តួនាទីជា ប្រធាននាយសេនាធិការយោធាចម្រុះអាមេរិក គឺលោក ម៉ាក មីលី (Mark Milley) ដែលបានកាន់តំណែងនេះ តាំង​ពីឆ្នាំ២០១៩មក៕