(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសអ៉ីរ៉ង់ បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ អ៉ីរ៉ង់បានធ្វើការសាកល្បងដោយជោគជ័យ នូវមីស៉ីលបាលិស្ទីគមួយគ្រាប់ ប្រភេទចម្ងាយ២,០០០គីឡូម៉ែត្រ បន្ទាប់ពីប៉ុន្មានថ្ងៃមុន ប្រមុខកងកម្លាំងប្រដាប់អាវុធប្រទេសអ៉ីស្រាអែល បានលើកឡើងអំពីលទ្ធភាព នៃការធ្វើសកម្មភាពប្រឆាំងទីក្រុងតេហេរ៉ង់ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ State TV បានចាក់ផ្សាយនូវអ្វី ដែលខ្លួនអះអាងថា គឺជាឃ្លីបវីដេអូមីស៉ីលស៊េរីថ្មីជំនាន់ទី៤ នៃត្រកូលមីស៉ីលបាលិស្ទីគ កូរ៉ុមសា (Khorramshahr) របស់ខ្លួន ដែលអាចបាញ់បានចម្ងាយ២,០០០គីឡូម៉ែត្រ ហើយអាចផ្ទុកក្បាលគ្រាប់បានមួយទម្ងន់ ១,៥០០គីឡូក្រាម។ ចំណែក​ទីភ្នាក់ងារព័ត៌មាន IRNA បាននិយាយថា មីស៉ីលបាលិស្ទីគនោះមានឈ្មោះថា ខៃបា (Khaibar)។ ដោយមានកម្មវិធីមីស៉ីល​ធំបំផុតមួយនៅតំបន់មជ្ឈិមបូព៌ា អ៉ីរ៉ង់បាននិយាយថា អាវុធរបស់ខ្លួនមានសមត្ថភាព ហោះដល់អ៉ីស្រាអែល ព្រមទាំងមូលដ្ឋានយោធាអាមេរិក​ នៅក្នុងតំបន់។ ទោះមានការជំទាស់ពីទីក្រុងវ៉ាស៉ីនតោន និងក្រុមប្រទេសអឺរ៉ុបយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់ធ្លាប់បានអះអាងថា នឹងបន្ត​ប្រឹងប្រែងអភិវឌ្ឍកម្មវិធីមីស៉ីលរបស់ខ្លួនទៅមុខទៀត។

គួរបញ្ជាក់ថា ប្រទេសអ៉ីស្រាអែល ដែលមិនត្រូវបានអ៉ីរ៉ង់ទទួលស្គាល់ឡើយនោះ គឺចាត់ទុកអ៉ីរ៉ង់ជាការគំរាមកំហែងចំពោះអត្ថិភាពរបស់ខ្លួន ខណៈអ៉ីរ៉ង់បានលើកឡើងថា មីស៉ីលបាលិស្ទីគរបស់ខ្លួន គឺជាវត្ថុសម្រាប់ទប់ស្កាត់និងវាយបកសងសឹកទៅវិញយ៉ាងសំខាន់ ប្រឆាំងនឹងអាមេរិក អ៉ីស្រាអែល ក៏ដូចជាគូសត្រូវដទៃទៀត ដែលអាចលេចមុខឡើងនៅក្នុងតំបន់។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេទ័ពកំពូលអ៉ីរ៉ង់ ទើបតែបានលើកឡើងពីលទ្ធភាព នៃការធ្វើសកម្មភាពប្រឆាំងអ៉ីរ៉ង់ ខណៈដែលកិច្ចប្រឹងប្រែងដោយមហាអំណាចពិភពលោក​ទាំង៦ ក្នុងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ បានបន្តជាប់គាំងចាប់តាំងពីខែកញ្ញា ឆ្នាំមុន ចំគ្រាដែលលោកខាងលិច មានក្តីបារម្ភកើនឡើងអំពីភាពរីកចម្រើននៃវិស័យនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធថា ខ្លួនពុំមានបំណងចង់ផលិត​អាវុធនុយក្លេអ៊ែរឡើយ៕