(ហាណូយ)៖ អ្នកលក់មីស៊ុបម្នាក់នៅក្នុងប្រទេសវៀតណាម ដែលល្បីឈ្មោះសម្រាប់ការធ្វើត្រាប់តាមតារាចុងភៅ Salt Bae ហាក់ដើម្បីជាការចំអកដាក់ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់នោះ គឺត្រូវបានផ្តន្ទាទោសនាថ្ងៃព្រហស្បតិ៍នេះ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកន្លះ បន្ទាប់ពីតុលាការបានរកឃើញថា ជនរូបនោះមានទោសពី បទធ្វើសកម្មភាពឃោសនាប្រឆាំងរដ្ឋអំណាច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

វីដេអូរបស់បុរសឈ្មោះ ប៊ុយ តួនឡាំ (Bui Tuam Lam) អាយុ៣៩ឆ្នាំ បានល្បីសុះសាយកាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលវាត្រូវបានបង្ហោះ នៅលើបណ្តាញអ៉ីនធើណិត ក្នុងពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីកំពូលវៀតណាមម្នាក់ ត្រូវបានគេថតជាប់ក្នុងកាមេរ៉ា កំពុងពិសាសាច់ស្ទេក​មានកម្ទេចមាសរោយពីលើ នៅឯភោជនីយដ្ឋានដ៏ថ្លៃមួយ របស់តារាចុងភៅខាងលើ ស្ថិតក្នុងទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។

លោក ឡាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន តាំងតែពីឆ្នាំទៅមិញ។ នៅថ្ងៃព្រហស្បតិ៍នេះ លោកត្រូវបានផ្តន្ទាទោសពីបទបង្កើត រក្សាទុក ចែកចាយ ឬផ្សព្វផ្សាយព័ត៌មាន ឯកសារ និងវត្ថុតាងផ្សេងៗ ដែលប្រឆាំងនឹងរដ្ឋអំណាច។ លោក ឡាំ ក៏ត្រូវគេរកឃើញថា បានបង្ហោះ​អត្ថបទចំនួន១៩ និងវីដេអូចំនួន២៥ នៅលើបណ្តាញទំនាក់ទំនងសង្គម ដើម្បីបំភ្លៃនិងបង្ខូចមុខមាត់រដ្ឋអំណាចវៀតណាមផងដែរ។

គួរបញ្ជាក់ថា ក្រៅពីមានតូបលក់មីស៊ុបនៅទីក្រុងដាណាង លោក ប៊ុយ តួនឡាំ ធ្លាប់បានបង្ហាញការគាំទ្រជាសាធារណៈ ឱ្យមានលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយចូលរួមក្នុងសកម្មភាពបាតុកម្មជាច្រើន ដែលសំដៅប្រឆាំងចិននិងគាំពារបរិស្ថាន៕