(គូឡាឡាំពួរ)៖ ក្រសួងការពារជាតិម៉ាឡេស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភានេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ដែលមានតម្លៃ ១០.១ពាន់លានរីងហ្គីត (២.២៨ពាន់លានដុល្លារអាមេរិក) នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​ដែល​ធ្វើ​ឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្តងរបស់ក្រុមហ៊ុន Langkawi (LIMA)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កញ្ចប់ថវិការនេះរួមមានទាំងសម្រាប់ការទិញយន្តហោះវាយប្រហារធុនស្រាល FA-50 ចំនួន ១៨គ្រឿងពីក្រុមហ៊ុន Korea Aerospace Industries (KAI) និងការជួលឧទ្ធម្ភាគចក្រ Sikorsky Black Hawk ចំនួន ៤គ្រឿងពីក្រុមហ៊ុនម៉ាឡេស៊ី Aerotree Defence and Services ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីខែកុម្ភៈថា ក្រុមហ៊ុន KAI ដែលជាក្រុមហ៊ុនផលិតយន្តហោះយោធាតែមួយគត់របស់ប្រទេសកូរ៉េខាងត្បូងបានឈ្នះការដេញថ្លៃដើម្បីផ្គត់ផ្គង់យន្តហោះទៅម៉ាឡេស៊ីក្នុងតម្លៃ ៩២០លានដុល្លារ។

ការបញ្ជា​ទិញ​យក​នេះ​កើត​ឡើង ​ចំពេលដែល​ម៉ាឡេស៊ី​សម្លឹង​រក​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ឬ​ជំនួស​ទ្រព្យ​សកម្ម​យោធា​ចាស់​ៗ​មួយ​ចំនួន។ ក្រោមកញ្ចប់​ថវិកា​ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​បែង​ចែក​ថវិកា​ចំនួន ១៧.៧ពាន់​លាន​រីងហ្គីត​សម្រាប់​ក្រសួង​ការពារជាតិ ដែល​កើន​ឡើង ១០ ភាគរយ​ធៀប​នឹង​ការ​បែងចែក​ឆ្នាំ២០២២។

ក្រសួងការពារជាតិបានឱ្យដឹងទៀតថា កងទ័ពអាកាសម៉ាឡេស៊ីក៏នឹងទិញប្រព័ន្ធអាកាសគ្មានមនុស្សបើកចំនួនបីគ្រឿងពីក្រុមហ៊ុនអាកាសចរណ៍តួកគី និងយន្តហោះល្បាតដែនសមុទ្រពីរគ្រឿង ពីក្រុមហ៊ុន Leonardo SPA របស់ប្រទេសអ៊ីតាលីផងដែរ៕