(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងឱ្យទៅទប់ស្កាត់ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក២គ្រឿង កុំឱ្យបំពានចូលដែនអាកាសរបស់រុស្ស៉ី នៅលើសមុទ្របាល់ទិច ខណៈវាគឺជាឧប្បត្តិហេតុបែបនេះលើកទី២ហើយ នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា ខ្លូនបានចល័តយន្តហោះចម្បាំងធុន Su-27 និង ​Su-35 ឱ្យទៅហោះស្កាត់យន្តហោះអាមេរិក ដែលមានប្រភេទជា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត B-1B ទាំង២គ្រឿង។ ក្រសួងការពារជាតិរុស្ស៉ី បានបន្តថា ក្រោយការចល័ត លទ្ធភាពយន្តហោះអាមេរិក ទន្ទ្រានចូលក្នុងដែនអាកាសរុស្ស៉ី ត្រូវទប់ស្កាត់បាន ហើយក្រុមយន្តហោះចម្បាំងរបស់រុស្ស៉ី បានត្រឡប់មកដល់​មូលដ្ឋានវិញដោយសុវត្ថិភាព។ ទីក្រុងមូស្គូបានគូសបញ្ជាក់ថា សកម្មភាពហោះស្ទាក់របស់ យន្តហោះចម្បាំងរុស្ស៉ី ត្រូវបានធ្វើឡើងដោយ​ស្របតាម បទដ្ឋាននិងច្បាប់អន្តរជាតិ ស្តីពីការប្រើប្រាស់ដែនអាកាស។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីក៏បានអះអាងពីការបញ្ជូនយន្តហោះចម្បាំង ឱ្យទៅហោះស្ទាក់យន្តហោះយោធាអាមេរិក ប្រភេទ B-1B ចំនួន២គ្រឿង នៅសមុទ្របាល់ទិចផងដែរ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទីក្រុងមូស្គូបានរាយការណ៍អំពី ​ឧប្បត្តិហេតុហោះស្ទាក់លើផ្ទៃអាកាសស្រដៀងគ្នាបន្តបន្ទាប់ ពាក់ព័ន្ធក្រុមយន្តហោះយោធារបស់លោកខាងលិច នៅម្តុំសមុទ្របាល់ទិច៕