(តូក្យូ)៖ គ្រោះរញ្ជួយដីមួយក្នុងកម្រិត៦.២រ៉ិចទ័រ ត្រូវបានប្រទះឃើញនៅជម្រៅប្រមាណ ៥០គីឡូម៉ែត្រក្រោមផ្ទៃសមុទ្រ ក្បែរខេត្តឈីបា (Chiba) នៃប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Japan Times នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា រញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង៧៖០៣នាទីយប់ (ពេលវេលានៅទីក្រុងតូក្យូ) ហើយបានធ្វើឱ្យតំបន់នៅក្បែរៗនោះ រងការរំញ័រ រួមមានទាំងទីក្រុងតូក្យូផងដែរ។ យ៉ាងណាក្តី បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន ពុំមានការប្រកាសអាសន្នពីរលកស៊ូណាមិទេ។ កាលពី៣សប្តាហ៍មុន គ្រោះរញ្ជួយដីមួយកម្រិត៦.៥រ៉ិចទ័រ បានកើតមាននៅខេត្តអ៉ីស៉ីកាវ៉ា (Ishikawa) ហើយបានសម្លាប់បុរសម្នាក់ និងបង្កឱ្យប៉ុន្មាននាក់ទៀតរងរបួស៕