(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងនៅថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអែត ន័រវែស និងហ្វាំងឡង់ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ខែមិថុនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខជាតិ និងសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ ខណៈដែលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោកស្រី Gina Raimondo នឹងដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិក-សហភាពអឺរ៉ុប ដែលផ្តោតលើបច្ចេកវិទ្យាស្អាតជាសាកល រក្សារុស្ស៊ីឱ្យទទួលខុសត្រូវ គាំទ្រអ៊ុយក្រែន និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។

សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Blinken នឹងចូលរួមក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសនៃអង្គការណាតូនៅទីក្រុង Oslo ប្រទេសន័រវេស នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលរបស់ក្រុមនេះនៅខែកក្កដានៅប្រទេសលីទុយអានី។

ក្រសួងការបរទេសបានគូសបញ្ជាក់ថា ពីទីនោះ លោកនឹងធ្វើដំណើរទៅកាន់ប្រទេសហ្វាំងឡង់ ដើម្បីជួបជាមួយមេដឹកនាំ នៃប្រទេសសមាជិកថ្មីបំផុតរបស់អង្គការណាតូ គឺនាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin និងរដ្ឋមន្ត្រីការបរទេស លោក Pekka Haavisto ។

នៅទីក្រុង Helsinki លោក Blinken នឹងថ្លែងសុន្ទរកថា «ដោយសង្កត់ធ្ងន់ថា ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺជាការបរាជ័យជាយុទ្ធសាស្ត្រលើគ្រប់វិស័យ» នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានគូសបញ្ជាក់៕