(មូស្គូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសរុស្ស៉ីបានកោះហៅក្រុមមន្រ្តីការទូតជាន់ខ្ពស់អាមេរិក ដើម្បីបង្ហាញការតវ៉ាប្រឆាំងនឹង ការអត្ថាធិប្បាយរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) ដែលត្រូវទីក្រុងមូស្គូចោទថា បានផ្តល់ការគាំទ្រ​ឱ្យមានការវាយប្រហារលើឧបទ្វីបគ្រីមៀ ជាតំបន់ដែលរុស្ស៉ីក្រសោបយកពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។

ឧបទ្វីបលើផ្ទៃសមុទ្រខ្មៅមួយនេះ ត្រូវបានរុស្ស៉ីបញ្ចូលជាទឹកដីរបស់ខ្លួនក៏ពិតមែន ប៉ុន្តែអន្តរជាតិនៅតែទទួលស្គាល់វា ជាទឹកដីរបស់​អ៊ុយក្រែនដដែល។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «វាដល់ពេលដែលទីក្រុងវ៉ាស៉ីនតោន ត្រូវស្គាល់ច្បាស់ហើយថា ការឈ្លានពានក្នុងទម្រង់ណាមួយក៏ដោយប្រឆាំងមកលើរុស្ស៉ី នឹងបន្តទទួលរងទៅវិញនូវការឆ្លើយតបដ៏ខ្លាំងរឹងមាំបំផុត»។ ទីក្រុងមូស្គូមិនបានបញ្ជាក់ច្បាស់ទេថា ការអត្ថាធិប្បាយមួយណារបស់លោក ស៊ូលីវ៉ាន់ ដែលខ្លួនមិនពេញចិត្ត។

យ៉ាងណាក្តី នៅពេលត្រូវបានសាកសួរ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ថាតើអ៊ុយក្រែនគួរតែមាន​អាវុធដែលអាចវាយប្រហារដល់គោលដៅរុស្ស៉ី នៅក្នុងតំបន់គ្រីមៀដែរឬអត់នោះ លោក ស៊ូលីវ៉ាន់ បានឆ្លើយតបយ៉ាងដូច្នេះថា «ហ្នឹងហើយ។ យើង​មិនបានដាក់កំហិតទៅលើសមត្ថភាពអ៊ុយក្រែន ក្នុងការប្រើប្រាស់សព្វាវុធដើម្បីវាយប្រហារចំពោះ គោលដៅនៅក្នុងព្រំប្រទល់របស់ខ្លួ នដែលមានការ​ទទួលស្គាល់ជាអន្តរជាតិនោះឡើយ។ អ្វីដែលយើងធ្លាប់និយាយកន្លងមក គឺយើងនឹងមិនឱ្យអ៊ុយក្រែនអាចប្រើអាវុធអាមេរិក អាវុធលោកខាងលិច ទៅវាយប្រហារលើប្រទេសរុស្ស៉ីតែម្តងទេ ហើយយើងជឿថាគ្រីមៀគឺជារបស់អ៊ុយក្រែន»

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រុស្ស៉ីបានរាយការណ៍អំពីការវាយប្រហារដោយជាបន្តបន្ទាប់ ជាពិសេសដោយយន្តហោះដ្រូន នៅក្នុង​ព្រំប្រទល់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ក្នុងនោះរួមមានទាំងការវាយឆ្មក់ឆ្លងព្រំដែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅឯតំបន់ប៊ែលហ្គោរ៉ូដ (Belgorod) ផងដែរ ដែលទីក្រុងមូស្គូបានទម្លាក់កំហុសទៅលើក្រុមប្រដាប់អាវុធអ៊ុយក្រែន ខណៈទីក្រុងកៀវបានចេញមុខបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធទេ៕