(បាដាដ)៖ អ៉ីរ៉ាក់ នៅថ្ងៃសៅរ៍នេះបានប្រកាសពីការចាប់ផ្តើមគម្រោងតម្លៃ ១៧ពាន់លានដុល្លារដើម្បីតភ្ជាប់កំពង់ផែទំនិញសំខាន់មួយនៅឯឆ្នេរសមុទ្រភាគខាងត្បូងប្រទេស ដោយការសាងសង់ផ្លូវដែក និងផ្លូវគោកទៅកាន់ព្រំដែនជាមួយប្រទេសតួកគី ដែលជាចំណាត់ការថ្មីមួយដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសបន្ទាប់ពីសង្គ្រាមនិងវិបត្តិជាច្រើនទសវត្សរ៍មកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣។

ការអភិវឌ្ឍនេះមានគោលបំណងភ្ជាប់កំពង់ផែហ្រ្គេន ហ្វាវ (Grand Faw) ស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីរ៉ាក់ដែលសម្បូរដោយប្រេងទៅកាន់តួកគី សំដៅប្រែក្លាយអ៉ីរ៉ាក់ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន កាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់អាស៊ី និងអឺរ៉ុប។

រដ្ឋាភិបាលអ៉ីរ៉ាក់ បានប្រមើមើលថា រថភ្លើងល្បឿនលឿននឹងអាចដឹកជញ្ជូនទំនិញ និងអ្នកដំណើរក្នុងល្បឿនរហូតដល់ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង ភ្ជាប់ទៅមជ្ឈមណ្ឌលឧស្សាហកម្មក្នុងស្រុក និងថាមពលដែលអាចរួមបញ្ចូលនូវបំពង់បង្ហូរប្រេង និងឧស្ម័ន។ ប្រសិនបើការងារចាប់ផ្តើមនៅដើមឆ្នាំ ២០២៤ នោះគម្រោងនេះនឹងបញ្ចប់នៅឆ្នាំ ២០២៩។

គួរបញ្ជាក់ថា ផែនការអភិវឌ្ឍរយៈពេលយូររបស់អ៉ីរ៉ាក់ កើតមានឡើងចំពេលដែលហេដ្ឋារចនាសម្ព័ន្ធប្រទេសបន្តខូចខាត បើទោះបីជារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក មហាំម៉ាត់ សាអៀ អាល់ ស៊ូដានី (Mohammed Shia al-Sudani) ប្តេជ្ញាជំរុញឲ្យមានការសាងសង់ផ្លូវ និងស្ពានឡើងវិញក៏ដោយ៕