(មូស្គូ)៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ពីប្រតិបត្តិការយោធាវាយឆ្មក់ នៅលើទឹកដីរុស្ស៉ី ក្នុងតំបន់ Belgorod ស្ថិតនៅក្បែរតំបន់ព្រំដែនរបស់ អ៊ុយក្រែន។ រុស្ស៉ី បានចោទប្រកាន់ថាកងកម្លាំងប្រដាប់អាវុធ ដែលបានលុកលុយចូលទឹកដីរបស់ខ្លួនជាភេរវករអ៊ុយក្រែន និងពួកហ្វាស៊ីស ប៉ុន្តែទីក្រុងកៀវ បានបដិសេធថាខ្លួន មិនមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានេះទេ និងបានអះអាងថាកងកម្លាំងប្រដាប់អាវុធទាំងនោះ គឺជាជនជាតិរុស្ស៉ីដែលប្រឆាំងនឹងលោក ពូទីន។ បើតាមអាជ្ញាធររុស្ស៉ី ជនប្រដាប់អាវុធប្រហែល ៧០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការទប់ទល់នឹងការវាយប្រហារឆ្លងដែនចេញពីអ៊ុយក្រែន។

ក្រុមប្រដាប់អាវុធដែលបានដឹកនាំប្រតិបត្តិការយោធាលុកលុយចូលរុស្ស៉ី មានឈ្មោះថា Freedom of Russia Legion និង Russian Volunteer Corps ដែលមេដឹកនាំរបស់ពួកគេ បានទទួលខុសត្រូវចំពោះការវាយប្រហារក្នុងទឹកដីរុស្ស៉ី ហើយថែមទាំងព្រមានទៀតផងថាការវាយប្រហារថ្មីៗទៀតនឹងត្រូវធ្វើឡើងនៅពេលខាងមុខ។ ខណៈ អ៊ុយក្រែនបានបដិសេធ វាមានសំណួរដ៏សំខាន់​នោះគឺ «ថាតើជាគំនិតល្អទេ ដែលអ៊ុយក្រែនត្រូវបើកប្រតិបត្តិការយោធា ឬនាំសង្រ្គាមចូលទៅក្នុងទឹកដីរុស្ស៉ី?»

បើមើលមួយភ្លែត ការធ្វើវាយប្រហារចូលក្នុងទឹកដីរុស្ស៉ី អាចជាយុទ្ធសាស្ត្រល្អ។ ជាយុទ្ធសាស្ត្រល្អ នោះគឺអ៊ុយក្រែនអាចបើកសមរភូមិសង្រ្គាមថ្មីមួយទៀត នៅក្នុងទឹកដីរុស្ស៉ី។ ការធ្វើបែបនេះ អាចនឹងបង្ខំឱ្យលោក ពូទីន ដកកងទ័ពរុស្ស៉ីខ្លះចេញពីសមរភូមិនៅអ៊ុយក្រែន ដើម្បីបញ្ជូនពួកគេមកការពាររុស្ស៉ីវិញ ហើយនេះនឹងធ្វើឱ្យខ្សែការពាររបស់ កងទ័ពរុស្ស៉ីចុះទន់ខ្សោយ ទុកឱកាសឱ្យអ៊ុយក្រែនដណ្ដើមទឹកដីរបស់ខ្លួនឯងមកវិញ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឡើងឱ្យលោក ពូទីន មើលទៅមានភាពទន់ខ្សោយនៅក្នុង ប្រទេសរុស្ស៉ី ឬអាចជំរុញឱ្យមានការបះបោរប្រឆាំងនឹងលោក ពូទីន។

ប៉ុន្តែ ជាយុទ្ធសាស្ត្ររយៈពេលវែង ការវាយប្រហារចូលទឹកដីរុស្ស៉ី មិនមែនជាគំនិតល្អឡើយ ហើយរឿងមួយដែលគេមិនត្រូវភ្លេច នោះគឺលោក ពូទីន មានអាវុធនុយក្លេអ៊ែរ ដោយ ជារឿយៗក្រុមអ្នកវិភាគបានព្រមានថានៅពេលទ័លច្រក លោក ពូទីន អាចនឹងប្រើគ្រប់មធ្យោបាយដើម្បីការពារអំណាចរបស់លោក។ ម្យ៉ាងវិញទៀត ទោះជាអ៊ុយក្រែន សព្វថ្ងៃ បានក្លាយជាកងទ័ពដ៏ខ្លាំងមួយក៏ពិតមែន តែភាពខ្លាំងនេះបានមក ក៏ដោយសារតែមានការគាំទ្រពីបណ្ដាប្រទេសលោកខាងលិចដែរ។ បណ្ដាប្រទេសលោកខាងលិច បានបញ្ជូន អាវុធឱ្យអ៊ុយក្រែន ក្នុងចេតនាជួយទីក្រុងកៀវការពារខ្លួនពីការឈ្លានពានពីរុស្ស៉ីតែប៉ុណ្ណោះ។ តួយ៉ាងដូចជាការបញ្ជូនរថក្រោះធុនធ្ងន់ និងការអនុញ្ញាតការផ្គត់ផ្គង់យន្ដហោះចម្បាំង F-16 ប្រព័ន្ធខែលប្រឆាំងមីស៊ីល ព្រមទាំងអាវុធទំនើបៗផ្សេងទៀត សុទ្ធតែត្រូវបានធ្វើឡើងភ្ជាប់ជាមួយលក្ខខណ្ឌ និងការធានាពីទីក្រុងកៀវ ថានឹងមិនប្រើប្រាស់អាវុធទាំងនេះ ដើម្បីវាយប្រហារចូលក្នុងទឹកដីរុស្ស៉ី នោះទេ។ ពីព្រោះបណ្ដាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកមិនចង់មានជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី ដែលអាចបង្កទៅជា សង្រ្គាមលោកលើកទី៣ ឬក៏សង្រ្គាមនុយក្លេអ៊ែរធ្វើឱ្យពិភពលោក និងមនុស្សជាតិវិនាសនោះឡើយ។

លើសពីនេះទៅទៀត ប្រទេសលោកខាងលិចមួយចំនួន ជាពិសេស សហរដ្ឋអាមេរិក នៅក្រោយការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ អាចនឹងបញ្ឈប់ ឬកាត់បន្ថយការផ្ដល់ ជំនួយគាំទ្រអ៊ុយក្រែន ប្រសិនបើទីក្រុងកៀវ ប្រើប្រាស់យុទ្ធសាស្ត្រធ្វើសង្រ្គាមចូលទឹកដីរុស្ស៉ី ស្របពេលបណ្ដាប្រទេសដទៃទៀតនៅជុំវិញពិភពលោកដែលរក្សាជំហរអព្យាក្រឹត ក្នុងសង្រ្គាមអ៊ុយក្រែន ក៏អាចងាកទៅប្រឆាំងនឹងទីក្រុងកៀវផងដែរ។

ដូច្នេះអ៊ុយក្រែន មិនគួរធ្វើសង្រ្គាមចូលក្នុងព្រំដែន ឬទឹកដីរុស្ស៉ីដែលត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនោះទេ ហើយក៏មិនត្រូវជំរុញ ឬក៏គាំទ្រការធ្វើសង្រ្គាមប្រូកស៊ី ដូចដែល ទាហានប៉ារ៉ាប្រឆាំងនឹងលោក ពូទីន កំពុងធ្វើនោះដែរ។ អ្វីដែលអ៊ុយក្រែនត្រូវធ្វើនៅពេលនេះ គឺបង្ហាញឱ្យពិភពលោកបានឃើញថាកំពុងការពារប្រទេសរបស់ខ្លួនពីការឈ្លានពាន ពីរុស្ស៉ី សំដៅរក្សា និងប្រមូលការគាំទ្របន្ថែមពីសហគមន៍អន្តរជាតិ ហើយដណ្ដើមទឹកដីរបស់ខ្លួនឯងមកវិញតាមដែលអាចធ្វើទៅបាន។ មធ្យោបាយល្អ គឺប្រយុទ្ធជាមួយលោក ពូទីន តាមរយៈការវាយបំបែកកងទ័ពរុស្ស៉ីក្នុងទឹកដីអ៊ុយក្រែន និងកាត់ផ្ដាច់តំបន់គ្រីមៀ៕