(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាកងកម្លាំងរុស្ស៉ីបានស្ទាក់ចាប់បំផ្លាញមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ Storm Shadow ចំនួន២គ្រាប់ ដែលចក្រភពអង់គ្លេស ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងដែរថាខ្លួនបានស្ទាក់ចាប់បំផ្លាញមីស៊ីលរយៈចម្ងាយខ្លីបាញ់ចេញពីប្រព័ន្ធមីស៊ីលអាមេរិក HIMARS ផ្ដល់ឱ្យទីក្រុងកៀវ ព្រមទាំង មីស៊ីល HARM ក៏ដូចជាបាញ់ទម្លាក់យន្ដហោះដ្រូន ១២គ្រឿង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ប៉ុន្តែ រុស្ស៉ីមិនបានបញ្ជាក់លម្អិតថាតើមីស៊ីលទាំងនេះត្រូវបានស្ទាក់ចាប់ នៅ ឯតំបន់ណាមួយនោះទេ ដោយគ្រាន់តែធ្វើសេចក្ដីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីប្រចាំថៃរបស់ក្រសួងការពារជាតិរុស្ស៉ីប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ខណៈខាងទីក្រុងកៀវ ក៏មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរ។

គួរបញ្ជាក់ថា ក្នុងថ្ងៃសៅរ៍ដដែលនោះដែរ មានសេចក្ដីរាយការណ៍ពីការវាយប្រហារដោយយន្ដហោះដ្រូន ចូលយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី ដោយមានគោលដៅលើ បំពង់បង្ហូរប្រេង។ រុស្ស៉ីតែងតែចោទថាអ៊ុយក្រែន គឺជាអ្នកនៅពីក្រោយការវាយប្រហាររបៀបនេះ តែអ៊ុយក្រែនមិនដែលទទួលស្គាល់ជាសាធារណៈឡើយ ចំពោះការវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី៕