(កៀវ)៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បានឱ្យដឹងថាជនស៊ីវិលម្នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនទ្រង់ទ្រាយធំមួយរបស់ រុស្ស៉ី លើរដ្ឋធានីកៀវ នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើ Telegram ចៅហ្វាយក្រុងកៀវ លោក វីតាលី ឃ្លីតស្កូ (Vitali Klitschko) បានគូសបញ្ជាក់ដូច្នេះថា «ស្ត្រីម្នាក់មានអាយុ ៣៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯបុរសម្នាក់អាយុ ៤១ឆ្នាំ បានស្លាប់»។ លោកបន្ថែមទៀតថាប្រព័ន្ធការពារដែនអាកាសទីក្រុងកៀវ បាន បាញ់ទម្លាក់យន្ដហោះដ្រូនច្រើនជាង ២០គ្រឿង ដែលហោះតម្រង់មកកាន់ទីក្រុង។

គួរបញ្ជាក់ថា រុស្ស៉ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើបណ្ដាទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងទីក្រុងកៀវ ចាប់តាំងពីដើមខែឧសភាមកម្ល៉េះ ស្របពេលអ៊ុយក្រែនកំពុងត្រៀមលក្ខណៈបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹករបស់ខ្លួនដែលទាហានរុស្ស៉ី កំពុងកាន់កាប់មកវិញ៕