(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភា លោក Kevin McCarthy បានឈានដល់ «កិច្ចព្រមព្រៀងជាគោលការណ៍» ក្នុងការដំឡើងពិដានបំណុលសាធារណៈរបស់ប្រទេស (បំណុលអតិបរិមា) និងការកាត់បន្ថយការចំណាយរបស់សហព័ន្ធ កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីបញ្ចៀសគ្រោះមហន្តរាយអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ខែឧសភា ឆ្នាំ២០២៣។

លោក McCarthy ដែលជាប្រធានសភាមកពីបក្សសាធារណៈរដ្ឋ ដែលបានទាមទារឱ្យការកាត់បន្ថយការចំណាយរបស់សហព័ន្ធ បាននិយាយថា ប្រធានាធិបតីគណៈបក្សប្រជាធិបតេយ្យ និងរូបលោកបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ បន្ទាប់ពីអ្នកទាំងពីរបាននិយាយគ្នាកាលពីយប់ថ្ងៃសៅរ៍តាមទូរសព្ទ។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា «កិច្ចព្រមព្រៀងជាគោលការណ៍នេះ គឺជាការសម្របសម្រួលគ្នា ដែលមានន័យថា គ្រប់គ្នាមិនទទួលបានអ្វីដែលពួកគេចង់បាននោះទេ»។ លោកបានគូសបញ្ជាក់ថា «នេះគឺជាការទទួលខុសត្រូវរបស់អាជ្ញាកណ្តាល»

ទោះជាយ៉ាងណាខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងនេះ គេមិនទាន់ដឹងលំអិតនៅឡើយទេ។ ប្រភពស្និតនឹងបញ្ហានេះបានឱ្យដឹងថា​ ភាគីទាំងពីរបានព្រមព្រៀងដំឡើងកម្រិតពិដានបំណុលសាធារណៈ (បំណុលអតិបរិមា) រយៈពេលពីរឆ្នាំ រហូតដល់ក្រោយបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ទៅទៀត ហើយស្របពេលជាមួយគ្នា រដ្ឋាភិបាលក៏ត្រូវកាត់បន្ថយការចំណាយសាធារណៈផងដែរ​​ តែមិនមែនក្នុងកម្រិតដែលគណបក្សសាធារណៈរដ្ឋទាមទារនោះទេ។

ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភា លោក Kevin McCarthy គ្រោងនឹងជួបពិភាក្សាគ្នាបន្ថែមទៀតនៅថ្ងៃអាទិត្យសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលសម្រេចបានជាគោលការណ៍នេះ សម្រាប់ដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភាអនុម័តឱ្យបានមុនថ្ងៃទី៥ ខែមិថុនា៕