(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន រួមទាំងមេដឹកនាំពិភពលោកជាច្រើនទៀត រួមមានទាំង ប្រមុខ UN បានចូលរួមអបអរសាទរដល់លោក តាយយីប អឺដូហ្កាន់ (Tayyip Erdogan) ដែលបន្តជាប់ឆ្នោតជាប្រធានាធិបតីតួកគី ក្រោយការបោះឆ្នោតឈ្នះជុំទីពីរ បានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ ដែលជាការបោះឆ្នោតប្រធានាធិបតីដ៏លំបាកមួយនៃប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសតួកគី។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

លោក បៃដិន បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ខ្ញុំទន្ទឹងរង់ចាំបន្តធ្វើការរួមគ្នាជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ (NATO) លើបញ្ហាទ្វេភាគី និងចែករំលែក បញ្ហាប្រឈមជាសកល»។ ការសង្កត់ធ្ងន់លើសមាជិកភាពរបស់តួកគី ក្នុងអង្គការណាតូពី លោក បៃដិន នាពេលនេះទំនងជាចង់ឆ្លុះបញ្ចាំងពីអាទិភាពរបស់ ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឲ្យស៊ុយអែតក្លាយជាសមាជិកអង្គការណាតូ នៅកិច្ចប្រជុំកំពូលទីក្រុងវីនីញូស (Vilnius) នៃប្រទេសលីទុយអានី ដែលគ្រោងធ្វើឡើង នៅពាក់កណ្តាលខែកក្កដាខាងមុខ ក្រោយមានការជំទាស់ពីតួកគី។

ក្រៅពីលោក បៃដិន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងជាប់ដៃនឹងសង្រ្គាមនៅអ៊ុយក្រែន រួមទាំងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី មេដឹកនាំអង់គ្លេស បារាំង អារ៉ាប៊ីសាអូឌីត និងមេដឹកនាំដទៃទៀត ក៏បានផ្ញើរអបអរសាទរជ័យជម្នះរបស់លោក អឺដូហ្កាន់ ផងដែរ។

ក្នុងសារអបអរសាទរនោះ លោក ពូទីន បានសរសេរថា «ជ័យជម្នះរបស់អ្នក (លោក អឺដូហ្កាន់) នៅក្នុងការបោះឆ្នោតគឺជាលទ្ធផលពិតដែលកើតចេញពីការធ្វើការងារ ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនក្នុងនាមជាប្រមុខនៃសាធារណរដ្ឋតួកគី ហើយជាភស្តុតាងច្បាស់បញ្ជាក់ពីការគាំទ្ររបស់ប្រជាជនតួកគី ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងអធិបតេយ្យភាពរដ្ឋ និងបន្តគោលនយោបាយការបរទេសឯករាជ្យ»។ លោក ពូទីន បានបន្ថែមថា «យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការរួមចំណែកផ្ទាល់ខ្លួនរបស់អ្នក ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរុស្ស៉ី-តួកគី និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក»

គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោត លោក អឺដូហ្កាន់ ទទួលបានសំឡេងគាំទ្រ ៥២.១ភាគរយ ខណៈលោក កេម៉ាល គីលីកដារ៉ូគ្លូ ទទួលបានសំឡេងគាំទ្រ ៤៧.៩ភាគរយ។ លោក គីលីកដារ៉ូគ្លូ បានចាត់ទុកការបោះឆ្នោតកាលពីថ្ងៃអាទិត្យជាការបោះឆ្នោតមួយគ្មានតម្លារភាព ប៉ុន្តែលោកក៏មិនបានជំទាស់នឹង លទ្ធផលបោះឆ្នោតអ្វីនោះដែរ៕