(ប៉េកាំង)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសចិននឹងបញ្ជូនជនស៉ីវិលដំបូងរបស់ខ្លួនទៅកាន់ទីអវកាស ដែលស្ថិតក្រោមបេសកកម្មបញ្ជូន​ក្រុមអវកាសយានិក ទៅកាន់ស្ថានីយអវកាស ធានហ្កុង (Tiangong)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

អាជ្ញាធរអវកាសចិនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា លោក ហ្គុយ ហាយចាវ (Gui Haichao) ដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ​​ផ្នែកអវកាស Beihang នឹងចេញដំណើរជាមួយអវកាសយានិក២នាក់ទៀត នៅវេលាម៉ោង៩៖៣១នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅទីក្រុងប៉េកាំង) ក្នុងបេសកកម្ម សិនចូវ-១៦ (Shenzhou-16) ដែលជាបេសកកម្មជើងទី៥ នៃការបញ្ជូនមនុស្សទៅកាន់ស្ថានីយអវកាសចិន Tiangong គិតចាប់តាំងពីឆ្នាំ ២០២១មក។ មកទល់ឥឡូវ អវកាសយានិកចិនទាំងអស់ ដែលត្រូវបានបញ្ជូនឡើងទៅទីអវកាស សុទ្ធតែជាសមាជិកនៃកងកម្លាំងយោធា​របស់ចិន។

ចិនបានសាងសង់ស្ថានីយអវកាសខាងលើរបស់ខ្លួន ចប់រួចរាល់ជាស្ថាពរ កាលពីចុងឆ្នាំមុន ហើយវាត្រូវគេរំពឹងថា នឹងស្ថិតនៅគន្លងកម្រិតទាប​ក្បែរផែនដី ដែលមានកម្ពស់ចន្លោះ៤០០-៤៥០គីឡូម៉ែត្រពីផ្ទៃនៃភពរបស់យើង សម្រាប់រយៈពេលយ៉ាងហោច១០ឆ្នាំ។ ទីក្រុងប៉េកាំង នឹងបន្តបញ្ជូនក្រុមអវកាសយានិក ឱ្យផ្លាស់វេនគ្នាស្នាក់នៅក្នុងស្ថានីយនោះជាប់រហូត។

ស្របពេលដែលចិនមិនគ្រោងប្រើប្រាស់ស្ថានីយ Tiangong សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាសកល ក្នុងទំហំធំដូចទៅនឹងស្ថានីយ​អវកាសអន្តរជាតិ ISS ក៏ដោយក្តី ទីក្រុងប៉េកាំងធ្លាប់បាននិយាយថា ខ្លួនស្វាគមន៍ចំពោះការសហការគ្នាជាមួយបរទេស។ យ៉ាងណាមិញ វាពុំទាន់ច្បាស់ទេថា តើកិច្ចសហប្រតិបត្តិការនោះ នឹងអាចមានភាពទូលំទូលាយកម្រិតណា។ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅ​ស្ថានីយ ISS គឺប្រទេសចិនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមឡើយ ដ្បិតសហរដ្ឋអាមេរិក បានចេញច្បាប់មួយកាលពីឆ្នាំ២០១១ ដែលហាមឃាត់ការធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងវិស័យអវកាស៕