(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយដកស្រង់ទិន្នន័យរបស់ក្រសួងមហាផ្ទៃថា រុស្ស៉ីបានដាក់បញ្ចូលឈ្មោះ សមាជិកព្រឹទ្ធសភាអាមេរិក គឺលោក លីនស៉ី ហ្ក្រាហាំ (Lindsey Graham) ទៅក្នុងបញ្ជីតាមចាប់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

វីដេអូមួយដែលត្រូវបានកែសម្រួលនិងចេញផ្សាយ ដោយការិយាល័យប្រធានាធិបតីអ៊ុយក្រែន អំពីកិច្ចប្រជុំជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គ កាលពីថ្ងៃសុក្រ ដែលក្នុងនោះលោក ហ្ក្រាហាំ បាននិយាយថា «រុស្ស៊ីជិតស្លាប់ហើយ» បន្ទាប់មកនិយាយថា ការគាំទ្ររបស់សហរដ្ឋអាមេរិកគឺជា «ការចំណាយលុយដ៏ល្អបំផុតរបស់យើង»។

ក្រោយមក អ៊ុយក្រែនបានបញ្ចេញវីដេអូពេញមួយនៃកិច្ចប្រជុំនោះ ដែលបង្ហាញថាការអត្ថាធិប្បាយទាំងពីរលើ គឺតាមពិតពុំពាក់ព័ន្ធគ្នាទេ។ លោក ហ្ក្រាហាំ បានទាត់ចោលការរិះគន់របស់រុស្ស៉ី ដោយអះអាងថា លោកគ្រាន់តែចង់សរសើរស្មារតីរបស់អ៊ុយក្រែន ក្នុងការទប់ទល់ជាមួយរុស្ស៉ី ដោយប្រើជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ។ យ៉ាងនេះក្តី គណៈកម្មាធិការស៉ើបអង្កេតរុស្ស៉ី កំពុងបើកការស៊ើបអង្កេតលើបទល្មើសឧក្រិដ្ឋកម្ម ទៅលើការអត្ថាធិប្បាយរបស់ លោក ហ្ក្រាហាំ ប៉ុន្តែមិនបានបញ្ជាក់ថា លោកត្រូវជាប់សង្ស័យពីបទឧក្រិដ្ឋអ្វីនោះទេ។

គួរបញ្ជាក់ថា កន្លងមក រុស្ស៉ីបានដាក់បញ្ចូលក្រុមមន្រ្តី និងអ្នកនយោបាយអាមេរិករាប់សិបនាក់ ទៅក្នុងបញ្ជីដែលហាមប្រាមមិនឲ្យចូលក្នុង ប្រទេសរុស្ស៉ី ប៉ុន្តែកម្រស្វែងរកការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អាមេរិកណាស់៕