(ម៉ានីល)៖ កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសហ្វីលីពីន អាមេរិក និងជប៉ុន នឹងធ្វើសមយុទ្ធផ្លូវសមុទ្រត្រីភាគី នៅតំបន់សមុទ្រចិនខាងត្បូង ក្នុងសប្តាហ៍នេះ ខណៈវាគឺជាការហ្វឹកហាត់រួមគ្នាលើកដំបូង រវាងឆ្មាំសមុទ្រនៃប្រទេសទាំងបី ចំពេលដែលពួកគេសុទ្ធតែមានក្តីបារម្ភកើនឡើង អំពីសកម្មភាព​របស់ចិននៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក អាម៉ាន់ បាលីឡូ (Armand Balilo) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សមយុទ្ធខាងលើនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា នៅក្នុងដែនទឹកក្បែរខេត្តបាតាន់ (Bataan) នៃប្រទេសហ្វីលីពីន។ នាវាហ្វីលីពីន៤គ្រឿង ព្រមទាំងនាវា​១គ្រឿងៗ មកពីសហរដ្ឋអាមេរិកនិងជប៉ុន នឹងចូលរួមក្នុងសមយុទ្ធនេះ។ បើតាមលោក បាលីឡូ ប្រទេសអូស្រ្តាលីក៏នឹងមកចូលរួម ក្នុងឋានៈជាអ្នកសង្កេតការណ៍ផងដែរ។

គួរបញ្ជាក់ថា ជប៉ុននិងសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតទៅកាន់ហ្វីលីពីន អំពីការធ្វើសមយុទ្ធផ្លូវសមុទ្ររួមគ្នានេះ កាលពីខែកុម្ភៈ ពោលគឺ​ក្នុងខែតែមួយ នៅពេលដែលទីក្រុងម៉ានីលបានចោទប្រកាន់ចិនថា បានធ្វើសកម្មភាពបង្កហេតុនៅតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង។ ជប៉ុន អូស្រ្តាលី និងអាមេរិក ជារឿយៗបានចេញមុខរិះគន់សកម្មភាពចិន នៅក្នុងតំបន់ផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ ហើយបានព្យាយាមបង្កើន​ការទាក់ទងគ្នា ឱ្យកាន់តែជិតស្និទ្ធជាមួយហ្វីលីពីន ចាប់តាំងតែពីលោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ បានក្លាយជាប្រធានាធិបតី កាលពីឆ្នាំមុន បន្តពីអតីតមេដឹកនាំលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលមានទំនោរទ្រេតទៅរកចិន៕