(ស្តុកខម)៖ រដ្ឋមន្ត្រីការបរទេសស៊ុយអែត និងតួកគីនឹងជួបប្រជុំគ្នា «ក្នុងពេលឆាប់ៗនេះ» ដើម្បីពិភាក្សាអំពីការពន្យារពេលនៃការស្នើសុំរបស់ទីក្រុងស្តុកខម ដើម្បីចូលរួមជាមួយអង្គការ NATO នេះបើយោងតាមក្រសួងការបរទេសស៊ុយអែត បាននិយាយកាលពីថ្ងៃចន្ទ ទី២៩​ ខែឧសភា ឆ្នាំ២០២៣។

ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិកអង្គការ NATO បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលហ្វាំងឡង់បានអនុញ្ញាតឱ្យចូលរួមជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិចនេះកាលពីខែមេសា ការស្នើស៉ំរបស់ស៊ុយអែតត្រូវបានជំទាស់ដោយភាគីតួកគី និងហុងគ្រី។

ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសតួកគី ដែលបានសម្រេចថា លោក Tayyip Erdogan នឹងត្រូវបន្តកាន់អំណាចមួយអាណត្តិទៀតកាលពីថ្ងៃអាទិត្យ បានធ្វើឱ្យដំណើរនៃការស្នើសុំចូលជាសមាជិកអង្គការ NATO របស់ស៊ុយអែត​កាន់តែមានស្មុគស្មាញ។

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក Tobias Billstrom ដំបូងឡើយបានប្រាប់ទូរទស្សន៍ SVT នៅថ្ងៃចន្ទនេះថា លោកនឹងជួបសមភាគីតួកគី លោក Mevlut Cavusoglu នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅឯការប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេសអង្គការ NATO នៅទីក្រុង Oslo ប៉ុន្តែត្រូវបានគេជូនដំណឹងថា រដ្ឋមន្ត្រីការបរទេសតួកគីនឹងមិនទៅចូលរួមប្រជុំ ដូច្នេះវានឹងមិនមានកិច្ចប្រជុំណាមួយនៅទីនោះទេ។

ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់ លោក Billstrom បាននិយាយថា «កិច្ចប្រជុំចរចាររវាងភាគីទាំងពីរនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ»៕