(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកប្រធានាធិបតីតួកគី អឺដូហ្កាន់ កាលពីថ្ងៃចន្ទសប្តាហ៍នេះបានលើកឡើងម្តងទៀត នៅក្នុង កិច្ចសន្ទនាតាមទូរស័ព្ទ នូវបំណងប្រាថ្នារបស់ទីក្រុងអង់ការ៉ា ក្នុងការទិញយន្តហោះចម្បាំង F-16 ពីសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនចង់ឲ្យទីក្រុងអង់ការ៉ា ទម្លាក់ចោលការជំទាស់របស់ខ្លួន ចំពោះការចូលជាសមាជិកក្នុងអង្គការណាតូរបស់ប្រទេសស៊ុយអែតជាមុនសិន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានមុនពេលចាកចេញពីសេតវិមានទៅកាន់រដ្ឋដេឡាវែរ (Delaware) យ៉ាងដូច្នេះថា «ខ្ញុំបាននិយាយជាមួយលោក អឺដូហ្កាន់ ហើយ ខ្ញុំបានអបអរសាទរចំពោះជ័យជម្នះរបស់គាត់ ក្រោយការបោះឆ្នោត។ លោកនៅតែចង់បានកិច្ចព្រមព្រៀងលក់យន្តហោះ F-16 ប៉ុន្តែខ្ញុំបានប្រាប់គាត់ថា យើងចង់ឲ្យ កិច្ចព្រមព្រៀងជាមួយស៊ុយអែតសម្រេចបានសិន ទើបអាចចរចាគ្នាម្តងទៀត»។ នៅពេលត្រូវបានអ្នកយកព័ត៌មានសួរអំពីគោលជំហររបស់លោក អឺដូហ្កាន់ ជុំវិញ សម្រេចសមាជិកភាពស៊ុយអែតក្នុងអង្គការ NATO នោះ លោក បៃដិន ឆ្លើយថា «ខ្ញុំបានលើកបញ្ហានេះមកនិយាយជាមួយគាត់។ យើងនឹងនិយាយបន្ថែមទៀត នៅសប្តាហ៍ក្រោយ»

គួរបញ្ជាក់ថា ស៊ុយអែត បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ កាលពីឆ្នាំ២០២២ ប៉ុន្តែរងការជំទាស់ពីសំណាក់តួកគី និងហុងគ្រី ខណៈសមាជិកភាពនេះ តម្រូវ ឲ្យមានការយល់ព្រមពីសមាជិកទាំងអស់របស់ណាតូ។ តួកគីមានបំណងទិញយន្តហោះចម្បាំង F-16 មានតម្លៃ ២០ពាន់លានដុល្លារ និងការធ្វើទំនើបកម្មឧបករណ៍ចំនួន ៨០ពីសហរដ្ឋអាមេរិក។ ប៉ុន្តែការលក់នេះត្រូវបានជាប់គាំង ដោយសារតែការជំទាស់ពីសភាអាមេរិក ជុំវិញការបដិសេធរបស់ទីក្រុងអង់ការ៉ា ក្នុងការបើកភ្លើងខៀវ ដល់ការពង្រីកខ្លួនរបស់អង្គការណាតូ កំណត់ត្រាសិទ្ធិមនុស្ស និងគោលនយោបាយស៉ីរី៕